អាជ្ញាធរខេត្តមណ្ឌលគិរី ពង្រីកផ្នែកហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងសែនមនោរម្យ ដើម្បីបង្កើនសោភ័ណភាព ទាក់ទាញភ្ញៀវទេសចរ
ខេត្តមណ្ឌលគិរី៖ រដ្ឋបាលខេត្តមណ្ឌលគិរី បាននិងកំពុងបន្តអភិវឌ្ឍន៍ពង្រីកផ្នែកហេដ្ឋារចនាសម្ព័ន្ធនានាជាច្រើន ដើម្បីជាប្រយោជន៍សាធារណៈ និងបង្កើនសោភ័ណភាពសម្រាប់អ្នកទេសចរ នឹងចូលមកកម្សាន្តនាឱកាសផ្សេងៗ ជាពិសេសក្នុងកំលុងកាន់បុណ្យបិណ្ឌនិងភ្ជុំបិណ្ឌ។
តួយ៉ាងអាជ្ញាធរខេត្តមណ្ឌលគិរី បានរៀបចំកែច្នៃឲ្យមានភាពស្រស់ស្អាតតាមដងផ្លូវជាតិលេខ៧៦ ដោយមានការរៀបចំតុបតែងភ្លើងបំភ្លឺពេលរាត្រីតាមដងផ្លូវ ចាប់តាំងពីចំណុចចម្ការស្រល់ឆ្ពោះចូលមកក្រុងសែមនោរម្យ ដល់ចំណុចរង្វង់គោព្រៃ និងបន្តរហូតដល់វិមានឯករាជ្យឡើងមកដល់ភ្នំដោះក្រមុំ និងច្រកចូលសមុទ្រឈើ ។ ទន្ទឹមនោះនៅចំណុចវិមានឯករាជមាន ការរៀបចំសួនច្បារលំហែយ៉ាងស្រង់បំព្រង ហើយបាននិងកំពុងបន្តស្ថាបនាសួនឧទ្យានសែនមនោរម្យនេះពេញផ្ទៃដីអតីតព្រលានយន្តហោះខេត្តមណ្ឌលគិរីតែម្ដង។
ប្រជាពលរដ្ឋខេត្តមណ្ឌលគិរីមួយរូប បានលើកឡើងថា បច្ចុប្បន្នស្ថានភាពទេសចរណ៍របស់ខេត្តពិតជាស្ងប់ស្ងាត់មែ ន និងទើបតែមានការថយចុះច្រើននៅឆ្នាំ២០២៣ ខណៈឆ្នាំ២០២១និង២០២២ មានភ្ញៀវច្រើននៅឡើយ។
លោកបន្តថា បច្ចុប្បន្ននេះលោកសង្កេតឃើញខេត្តមណ្ឌលគិរី ពិសេសក្រុងសែមនោរម្យ ពិតជាមានអភិវឌ្ឍន៍រីកចម្រើនខុសប្លែកពីមុនយ៉ាងច្រើន។ ហើយលោក អំពាវនាវដល់ភ្ញៀវទេសចរមកលេងកម្សាន្ដនៅខេត្តមណ្ឌលគិរី ដែលមានទេសភាពធម្មជាតិស្រស់បំព្រងគួរជាទីមនោរម្យ។
យោងតាមប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី លោក ស៊ាង សឿង បានឲ្យដឹងដែរថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ ខេត្តមណ្ឌលគិរីមានភ្ញៀវទេសចរមកកម្សាន្តប្រមាណ ១៧២,៣១១នាក់ ក្នុងនោះភ្ញៀវជាតិ១៦៩,៣២៤ ចំណែកភ្ញៀវបរទេសមានចំនួន ២,៩៨២នាក់ ។ តួលេខនេះបើធៀបរយៈពេលដូចគ្នាឆ្នាំ២០២២ ចំនួនភ្ញៀវសរុបមានការថយចុះ ២៣,៣២% ទេសចរជាតិថយចុះ២៤,០១% ទេសចរបរទេសកើនឡើង៦៥,០២% ។
លោកបន្តថា សម្រាប់តួលេខភ្ញៀវបណ្ដាខែចុងក្រោយ ពោលគឺក្នុងខែសីហា មានភ្ញៀវ ៦,៨៩៧នាក់ មកកម្សាន្ត ក្នុងនោះមានភ្ញៀវបរទេស៣១៦នាក់ ចំនួននេះធៀបនឹងខែសីហា ឆ្នាំ២០២២ មានការថយចុះ ៣៤,៧៣% ទេសចរជាតិថយចុះ៣៦,៨៤% រីឯភ្ញៀវបរទេសកើនឡើង ១១៦,៤៣%៕