ខេត្តមណ្ឌលគិរីប្រារព្ធមីទ្ទិញរំឭកខួបអនុស្សាវរីយ៍លើកទី៤៤ ទិវាជ័យជម្នះ ៧មករា (០៧ មករា ១៩៧៩-០៧ មករា ២០២៣)
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំពិធីមីទ្ទិញរំឭកខួបអនុស្សាវរីយ៍លើកទី៤៤នៃទិវាជ័យជម្នះ ៧មករា (០៧ មករា ១៩៧៩-០៧ មករា ២០២៣) ក្រោមអធិបតីភាព ឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តមណ្ឌលគិរី។
ទិវាជ័យជំនះជាប្រវត្តិសាស្រ្តនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៨ រួមទាំងឯកឧត្តម លោកជំទាវ ប្រធានក្រុមការងារចុះជួយតាមបណ្តាក្រុង/ស្រុកទាំង០៥ ខេត្ត ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត, អភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត លោកឧត្ដមសេនីយ៍ មេបញ្ជាការកងកម្លាំងទាំងបី ប្រធាន អនុប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត នាយកទីចាត់ការ អង្គភាព និងមន្ត្រីរាជការក្នុងខេត្ត អាជ្ញាធរក្រុង ព្រះសង្ឃ លោកគ្រូ អ្នកគ្រូ សិស្ស យុវជន នៃសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យុវជនកាយរឹទ្ធិ យុវជនកាកបាទ ក្រហមកម្ពុជា,យុវជនស្រលាញ់សន្តិភាព និងបងប្អូនប្រជាជាពលរដ្ឋ សរុបប្រមាណជាង១០០០នាក់ ដែលប្រព្រឹត្តទៅនៅក្រុងសែនមនោរម្យ។
ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានឡើងអានសុន្ទរកថា របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ប្រកបដោយអត្ថន័យ និងខ្លឹមសារយ៉ាងជ្រាលជ្រៅជូនអង្គមីទ្ទិញរំឭកខួបអនុស្សាវរីយ៍លើកទី៤៤ នៃទិវាជ័យជម្នះ ៧មករា។ ឯកឧត្តម បញ្ជាក់ថា យុវជន យុវនារី ប្រជាពលរដ្ឋទាំងអស់ មានជំនឿយ៉ាងមុតមាំទៅលើការដឹកនាំរបស់សម្តេចតេជោ ហ៊ុនសែន បានធ្វើឱ្យប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។ ឯកឧត្តម បន្ថែមថា ជាមួយគ្នានេះ យើងនិងបន្តរួមគ្នាយ៉ាង សកម្មដើម្បីបុព្វហេតុ សន្តិភាព ស្ថិរភាព សន្តិសុខនិងការប្រយុទ្ធប្រឆាំងបញ្ហាប្រឈមនានានៅតាមមូលដ្ឋាន និងតាមតំបន់ ជាពិសេស កងកម្លាំងទាំងបី ខិតខំបន្តបំពេញភារកិច្ចការការពារសន្តិសុខ បម្រើប្រជាពលរដ្ឋយើងឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។
ឯកឧត្តម ងី ច័ន្ទ្រផល មានប្រសាសន៍ថា ដើម្បីឱ្យកាន់តែមានការគាំទ្រពីមន្ត្រីនិងសកម្មជន ក៏ដូចជាប្រជាពលរដ្ឋខេត្តមណ្ឌលគិរីទាំងអស់ ត្រូវប្រឹងប្រែងបន្ថែមទៀត ក្នុងការបំពេញកិច្ចការងាររបស់ខ្លួនឱ្យអស់ពីកម្លាំងកាយចិត្ត លះបង់គ្រប់ ពេលវេលាបម្រើប្រជាពលរដ្ឋដោយឥតរើសអើង។ ផ្តើមចេញពីសកម្មភាពទាំងនេះ ហើយដែលធ្វើឱ្យយើងទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ កាលពីពេលថ្មីៗកន្លងទៅនេះ ព្រោះគណបក្សប្រជាជនកម្ពុជា គឺធ្វើអ្វីៗដើម្បីប្រជាជន បម្រើ និងឈរនៅជាមួយប្រជាជនគ្រប់ពេលវេលា។ ឯកឧត្តម ក៏បានរំលេចផងដែរថា ឆ្នាំ២០២៣នេះ ព្រឹត្តិការណ៍នយោបាយដ៏ធំគួរឱ្យកត់សម្គាល់គឺ ការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា។
លោក ទុំ សុខជា តំណាងឱ្យប្រជាពលរដ្ឋនៅខេត្តមណ្ឌលគិរី មានជំនឿទុកចិត្តចំពោះការខិតខំប្រឹងប្រែងយ៉ាងពេញ ទំហឹងក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរខេត្ត ដើម្បីឱ្យមានការអភិវឌ្ឍរីកចម្រើនឡើងលើគ្រប់វិស័យ ប្រជាពលរដ្ឋមានជីវភាពកាន់តែធូរធារបន្ថែមទៀត៕