ភ្នំពេញ៖ លោក តាកេ ហ្ស៊ឺនសឺកិ (TAKEI Shunsuke) រដ្ឋលេខាធិការក្រសួងការបរទេសជប៉ុន បានជម្រាបជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាថា ដើម្បីគាំទ្រដល់ការរៀបចំស៊ីហ្គេមរបស់កម្ពុជា ប្រទេសជប៉ុននឹងបញ្ជូនអាជ្ញាកណ្ដាលចំនួន៤០នាក់ដើម្បីជួយសម្រួលដល់ការរៀបចំកីឡានេះ។លោក តាកេ បានថ្លែងក្នុងជំនួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន នៅវិមានសន្ដិភាព ព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា កម្ពុជា-ជប៉ុនមានទំនាក់ទំនងល្អនឹងគ្នាដែលបានបង្កើតទំនងទំនងឈានដល់ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ លោកបន្ថែមថា ប្រទេសជប៉ុននឹងបន្តជំរុញទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំថែមទៀត ខណៈក្នុងឆ្នាំ២០២៣ ពេលដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ជប៉ុនក៏នឹងចូលរួមជួយផងដែរ។បើតាម ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ ហ៊ុន សែន បានប្រាប់អ្នកសារព័ត៌មានថា៖ «ថ្ងៃខាងមុខនេះ ជប៉ុននឹងបញ្ជូនអាជ្ញាកណ្ដាលចំនួន ៤០នាក់ដើម្បីមកជួយកម្ពុជាក្នុងការរៀបចំកីឡាស៊ីហ្គេម»។ទំនាក់ទំនងកម្ពុជា-ជប៉ុនសម័យទំនើបចាប់ផ្ដើមនៅឆ្នាំ១៩៥៣ ក្នុងពេលដែលកម្ពុជាទើបរួចពីអនានិគមបារាំង។ ក្នុងឆ្នាំ២០២៣ គឺជាខួប ៧០ឆ្នាំនៃទំនាក់ទំនងនេះ ជប៉ុនបានតែងតាំងតារាចម្រៀង មីណាមីណុ យ៉ូកូ ជាទូតសុឆន្ទៈសម្រាប់អនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន។លោកស្រី មីណា មីណុ ក៏បានជួបសំដែងការគួរសមជាមួយសម្ដេចតេជោនៅវិមានសន្ដិភាពផងដែរព្រឹកថ្ងៃទី២៣ ខែកុម្ភៈនេះ។ ក្នុងជំនួបនោះលោកស្រី មីណាមីណុ បានលើកឡើងពីអនុស្សាវរីយ៍របស់អ្នកស្រីមកកាន់ប្រទេសកម្ពុជាក្នុងឆ្នាំ១៩៨៩ និងឆ្នាំ២០១៣ ដែលបានធ្វើឱ្យលោកស្រីមានមនោសញ្ចេតនានឹងកម្ពុជា និងបាននិពន្ធនិងច្រៀងបទចម្រៀងមួយបទក្រោមចំណងជើងថា «ឥន្ធធនូសម្រាប់ថ្ងៃស្អែក» ជូនដល់ប្រជាជនកម្ពុជាផងដែរ។ឯកឧត្តម អ៊ាង សុផល្លែត បានបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី មីណាមីណុ នៅកម្ពុជាលើកនេះ លោកស្រីក៏នឹងទៅជួបកុមារកំព្រាដែលលោកស្រីធ្លាប់បានជួបក្នុងឆ្នាំ១៩៨៩ ផងដែរ។សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណប្រទេសជប៉ុនដែលបានលើកទឹកចិត្តអ្នកវិនិយោគមកកម្ពុជា និងជំនួយដទៃទៀត និងបានអរគុណចំពោះលោកស្រី មីណាមីណុ ផងដែរ។ក្នុងរយៈពេល ២ឆ្នាំចុងក្រោយនេះកម្ពុជានិងជប៉ុនបានរំលឹកអនុស្សាវរីយ៍ជាមួយគ្នាជាច្រើន ដែលឆ្នាំ២០២២ ប្រទេសទាំងពីរបានរម្លឹកខួប៣០ឆ្នាំនៃប្រតិបត្តិការរក្សាសន្ដិភាពជប៉ុននៅកម្ពុជា និងឆ្នាំ២០២៣ គឺជាខួបអនុស្សាវរីយ៍ ៧០ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរ (១៩៥៣-២០២៣)៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្តេចតេជោអំពាវនាវ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ខណៈអាកាសធាតុមានការប្រែប្រួលធ្ងន់ធ្ងរ ()
កម្ពុជា ឈ្នះមេដាយច្រើនជាងគេក្នុងការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ាន លើកទី៦ ()
សម្តេចតេជោជំរុញឲ្យមានការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈឱ្យបានច្រើន និងសំបូរបែប ដើម្បីបំពេញតម្រូវការវិនិយោគិននៅកម្ពុជា ()
ព្រះមហាក្សត្រ ផ្ញើព្រះរាជសារសម្រាប់ការបើកសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦ ()
អភិបាលខេត្តក្រចេះដឹកនាំកិច្ចប្រជុំ ស្តីពីការរៀបចំបេីកវេទិកាសម្ពោធការដ្ឋានសាងសង់កំណាត់ ផ្លូវជាតិ លេខ៧៣ (ត្បូងឃ្មុំ- ក្រចេះ) ()
វីដែអូ
ចំនួនអ្នកទស្សនា