វគ្គបណ្តុះបណ្តាលមន្ត្រីជំរឿនកសិកម្ម ស្តីពីការប្រមូលទិន្នន័យជំរឿនកសិកម្មនៅកម្ពុជាឆ្នាំ២០២៣ សម្រាប់មន្ត្រីត្រួតពិនិត្យ និងមន្ត្រីសម្ភាន៍រាជធានី ខេត្ត
ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ មន្ទីរផែនការខេត្តមណ្ឌលគិរី បានបេីកវគ្គបណ្តុះបណ្តាលមន្ត្រីជំរឿនកសិកម្ម ស្តីពីការប្រមូលទិន្នន័យជំរឿនកសិកម្មនៅព្រះរាជាណាចក្រកម្ពុជា ឆ្នាំ២០២៣ សម្រាប់មន្ត្រីត្រួតពិនិត្យ និងមន្ត្រីសម្ភាសន៍នៅរាជធានី ខេត្ត ក្រោមវត្តមានលោក នួន សារ៉ន អភិបាលរងនៃគណៈអភិបាលខេត្ត និងជាអនុប្រធានគណៈកម្មាធិការ ជំរឿនកសិកម្មខេត្តមណ្ឌលគិរី និងលោក សំ សារឿន អគ្គនាយករងវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ ជាមន្ត្រីប្រចាំតំបន់(RO)ខេត្តមណ្ឌលគិរី រួមទាំងលោក លោកស្រី មន្ត្រីជំនួយការប្រចាំតំបន់ ជំនួយការសម្របសម្រួលខេត្ត មន្ត្រីត្រួតពិនិត្យ និងមន្រ្តីសម្ភាសន៍ជាមន្ត្រីជំរឿនជាច្រេីនរូប ដែលប្រព្រឹត្តទៅមានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរផែនការខេត្តមណ្ឌលគិរី។
លោក នួន សារ៉ន អភិបាលរងខេត្ត មានប្រសាសន៍ថា គោលបំណង នៃវគ្គបណ្តុះបណ្តាលនាពេលនេះ គឺដើម្បីបង្វឹកបង្ហាត់បន្តដល់មន្ត្រីត្រួតពិនិត្យ និងមន្ត្រី សម្ភាសន៍ ឲ្យមានសមត្ថភាពគ្រប់គ្រាន់ក្នុងការចុះធ្វើយុទ្ធនាការសម្ភាសន៍នៅតាមទីតាំងអង្គភាពកសិកម្ម ដែលស្ថិតនៅតាម មូលដ្ឋានភូមិ ឃុំ សង្កាត់ ទូទាំងខេត្តមណ្ឌលគិរី។ លោក បន្ថែមថា ជំរឿនកសិកម្ម គឺពិតជាមានសារសំខាន់ មិនអាចខ្វះបាន ដើម្បីឆ្លើយតបសេចក្តីត្រូវការ ទិន្នន័យ សម្រាប់ជាធាតុចូលដ៏សំខាន់ក្នុងការរៀបចំគោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ច បរិស្ថាន សង្គម វប្បធម៌ និងសុខមាលភាពរបស់ប្រជាជនកម្ពុជា ក៏ដូចជាការត្រួតពិនិត្យ តាមដានវាយតម្លៃគោលនយោបាយអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គមកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោក ក៏បានធ្វើការផ្តាំផ្ញើដល់លោក លោកស្រី មន្ត្រីត្រួតពិនិត្យ និងមន្តី សម្ភាសន៍ទាំងអស់ត្រូវយកសមត្ថភាព ចំណេះដឹង ចំណេះធ្វើ មកអនុវត្តការងារជំរឿននេះឲ្យបានល្អ ព្រមទាំងត្រូវគោរពវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់ក្នុងការ បំពេញភារកិច្ចរបស់ខ្លួន ដោយមិនត្រូវធ្វេស ប្រហែស ឬបង្កលក្ខណៈខុសឆ្គង ដែលប្រាសចាកពីភារកិច្ចខ្លួនឡើយ។
លោកស្រី ប៉ុល វ៉ាន្នីដា ប្រធានមន្ទីរផែនការខេត្តមណ្ឌលគិរី បានឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ បានផ្ដោតសំខាន់លើវិធីសាស្ត្រនៃការសម្ភាសន៍ប្រមូលទិន្នន័យអង្គភាពកសិកម្មគ្រប់ប្រភេទ និងគ្រប់ទំហំខ្នាតនៃអង្គភាពកសិកម្មទាំងអស់មានជាអាទិ៍ គ្រួសារកាន់កាប់កសិកម្ម និងសហគ្រាស កសិដ្ឋាន កសិកម្ម នៅតាមភូមិ ឃុំ សង្កាត់ ក្នុងគោលបំណងដើម្បីប្រតិបត្តិការចុះបញ្ជី និង ការគូរផែនទីជំរឿនអង្គភាព កសិកម្មទាំងអស់ នៅតាមគោលដៅទីតាំងមូលដ្ឋានភូមិ ឃុំ សង្កាត់ ចាប់អនុវត្តនៅថ្ងៃទី១ ដល់ទី៣០ ខែមេសា ឆ្នាំ២០២៣។
លោកស្រី ឲ្យដឹងទៀតថា ជំរឿនកសិកម្មកម្ពុជា ឆ្នាំ២០២៣ គឺជាការងារមានសារសំខាន់បំផុត ដែលត្រូវធ្វើការបណ្តុះបណ្តាលមន្ត្រី សម្ភាសន៍ និងមន្ត្រីត្រួតពិនិត្យ ការសម្ភាសធ្វើបញ្ជីអង្គភាពកសិកម្ម ឬសហគ្រាសកសិដ្ឋានកសិកម្ម ការគូរផែនទី និងចុះសម្ភាសន៍ប្រមូលទិន្នន័យជំរឿនគ្រួសារកាន់កាប់កសិកម្ម និងសហគ្រាសកសិដ្ឋានកសិកម្ម ក្នុងវិស័យ កសិកម្មដាំដំណាំដាំដុះ បសុសត្វបសុបក្សី ការនេសាទ វារីវប្បកម្ម និងអនុផលព្រៃឈើ ដោយប្រើប្រាស់តារាង សំណួរជំរឿន និងឯកសារពាក់ព័ន្ធដូចជាផែនទី ឯកសារណែនាំមន្ត្រី សម្ភាសន៍ និងមន្ត្រីត្រួតពិនិត្យ សម្រាប់អនុវត្ត ធ្វើជំរឿនកសិកម្មកម្ពុជានៅគ្រប់គោលដៅតាមមូលដ្ឋានភូមិ ឃុំ/សង្កាត់ ក្រុង/ស្រុក៕