ឯកឧត្តម សក់ សេដ្ឋា ដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការសាងសង់អគារទីស្ដីការថ្មី ក្រសួងមហាផ្ទៃ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទីពុធ ៨រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មការសាងសង់អគារទីស្តីការថ្មី ក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំពិនិត្យអំពីវឌ្ឍនភាពការសាងសង់អគារទីស្ដីការថ្មី ក្រសួងមហាផៃ្ទ ស្ថិតនៅលើទីតាំងចាស់ តាមបណ្ដោយផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលគិតមកដល់ពេលនេះការសាងសង់សម្រេចបានប្រមាណ ៨០%ហើយ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម ជារដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, អគ្គលេខាធិការដ្ឋាន, អគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ, តំណាងក្រុមហ៊ុនសាងសង់ និងអង្គភាពពាក់ព័ន្ធជាច្រើនរូបទៀត ហើយបើតាមគម្រោង ការសាងសង់អគារទីស្ដីការថ្មី ក្រសួងមហាផ្ទៃ នឹងត្រូវបញ្ចប់នៅចុងខែមិថុនា ឆ្នាំ២០២៣ ខាងមុខនេះ។
ឯកឧត្តម សក់ សេដ្ឋា បានណែនាំដល់ក្រុមហ៊ុនសាងសង់ ត្រូវរៀបចំប្រព័ន្ធអគ្គិសនីប្រព័ន្ធអគ្គិភ័យ ប្រព័ន្ធសុវត្ថិភាព និងប្រព័ន្ធផ្សេងៗទៀតឱ្យបានត្រឹមត្រូវបំផុត ដើម្បីឱ្យមានសោភ័ណ្ឌភាពស្អាតផងដែរ ពិសេសពេលសាងសង់រួចរាល់ហើយត្រូវទាមទារឱ្យមានការចូលរួមថែទាំយ៉ាងម៉ត់ចត់បំផុត ចំពោះអគារទាំងមូល។
នៅក្នុងកិច្ចប្រជុំនេះដែរ នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការសាងសង់អគារទីស្តីការថ្មី ក្រសួងមហាផ្ទៃ បានធ្វើសេចក្តីរាយការណ៍សង្ខេបស្ដីពី ដំណើរការសាងសង់ ជូនអង្អប្រជុំថា ជាលទ្ធផលសរុបការសាងសង់អគារនេះសម្រេចបាន ៨០%ហើយ ធៀបនឹងកិច្ចសន្យា។
នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ ក៏បានសំណូមពរដល់ក្រុមហ៊ុន ឱ្យជំរុញការងារប្រក់ក្បឿងឱ្យបានឆាប់រហ័ស ព្រោះអាចនឹងមានភ្លៀងកក់ខែ និងស្នើសុំក្រុមហ៊ុនបញ្ចប់ការងារតាមជាន់នីមួយៗឱ្យបានឆាប់ ដើម្បីផ្ដល់លទ្ធភាពឱ្យបណ្ដាអង្គភាពត្រៀមផ្លាស់ចូលរៀបចំការិយាល័យធ្វើការជាបណ្ដើរៗ និងបានណែនាំក្រុមហ៊ុនសាងសង់ឱ្យបញ្ចប់ការងារមួយចំនួនឱ្យបានលឿនមានដូចជា ការដេគ័រសាលប្រជុំជាន់ផ្ទាល់ដី និងអនុវត្តការងារដេគ័រជាន់ទី៩ បញ្ចប់ការងារលាបថ្នាំខាងក្រៅ និងខាងក្នុងអគារ បញ្ចប់ការងាររៀបចំបណ្ដាញទឹក ប្រព័ន្ធអគ្គិសនី ប្រព័ន្ធអគ្គិភ័យ ប្រព័ន្ធម៉ាស៊ីនត្រជាក់ ប្រព័ន្ធសុវត្ថិភាព នៅគ្រប់ជាន់ បញ្ចប់ការងារដំឡើងឧបករណ៍ជណ្ដើរយន្ដគ្រប់ប្រភេទ ម៉ាស៊ីនត្រជាន់ និងឧបករណ៍ សម្ភារបន្ទប់ទឹក ព្រមទាំងបញ្ចប់ការងារក្រាលការ៉ូគ្រប់ជាន់ ជាដើម។
ឯកឧត្តម សក់ សេដ្ឋា បានផ្ដាំផ្ញើដល់អនុគណៈកម្មការ និងសមាជិកគណៈកម្មការសាងសង់អគារទីស្តីការថ្មី ក្រសួងមហាផ្ទៃ យកចិត្តទុកដាក់ឱ្យបានខ្ពស់ ចំពោះការងារសាងសង់ និងត្រូវធ្វើការចុះពិនិត្យដោយផ្ទាល់កិច្ចការងារដែលនៅសេសសល់ ដើម្បីឱ្យអគារនេះរៀបចំទៅដោយមានស្តង់ដារ និងសោភណ្ឌភាពស្រស់ស្អាត ជាពិសេសធ្វើយ៉ាងណាឱ្យសំណង់មានភាពរឹងមាំ និងបានណែនាំបន្ថែមដល់ក្រុមហ៊ុនសាងសង់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពនៅពេលដំណើរការសាងសង់។