សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ណែនាំឲ្យម្ចាស់បុរីបញ្ឈប់ការរឹបអូសផ្ទះពីអតិថិជន និងត្រូវដោះស្រាយដោយភាពទន់ភ្លន់
ភ្នំពេញ៖ អនុវត្តន៍អនុសាសន៍សម្តេចតេជោ ហ៊ុន សែន សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា នៅរសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ បានចេញសេចក្តីអំពាវនាវមួយ ដោយណែនាំឲ្យសមាជិករបស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ត្រូវញ្ឈប់ការរឹបអូសផ្ទះពីអតិថិជន ដែលកំពុងជួបវិបត្តិសេដ្ឋកិច្ច និងត្រូវដោះស្រាយជាមួយគ្នា ដោយភាពទន់ភ្លន់។
សេចក្តីអំពាវនាវបានឲ្យដឹងថា យោងតាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្តីពី «ការផ្អាកបណ្តោះអាសន្នការរឹបអូសផ្ទះ របស់អតិថិជនមិនទាន់បានបង់ប្រាក់ នីតិវិធីដោយធ្វើឥណទានឡើងវិញ» ដែលបានថ្លែងក្នុងពិធីសំណេះសំណាលជាមួយ កម្មករ-កម្មការិនី នៅស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង (លើកទី២) នាថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា សូមចូលរួមគាំទ្រ និងអនុវត្តន៍តាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីរក្សាស្ថិរភាពសេដ្ឋកិច្ចប្រជាពលរដ្ឋ មានលំនៅឋានរស់នៅសមរម្យ បានប្រកបអាជីវកម្មផ្សេងៗបន្តរទៀត និងមាននិរន្តរភាព៕