៥ខែដើមឆ្នាំនេះ ទំហំពាណិជ្ជកម្មកម្ពុជា-អន្តរជាតិ សម្រេចបានទឹកប្រាក់ជាង ១៩ពាន់លានដុល្លារ ធ្លាក់ចុះ១៤%
ភ្នំពេញ៖ យោងតាមរបាយការណ៍ របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាឲ្យដឹងថា ទំហំពាណិជ្ជកម្មកម្ពុជាជាមួយអន្ដរជាតិ នៅរយៈពេល ៥ខែដើម ឆ្នាំ២០២៣នេះ សម្រេចបានចំនួន ១៩ ២៩២លានដុល្លារ ធ្លាក់ចុះ១៤ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២ ដែលមានទឹកប្រាក់ ២២ ៤៨៩លានដុល្លារ។
យោងតាមរបាយការណ៍បានបញ្ជាក់ថា «ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៣ ការនាំចេញ-នាំចូលទំនិញរបស់កម្ពុជា មានទឹកប្រាក់ ១៩ ២៩២លានដុល្លារ ក្នុងនោះកម្ពុជាបាននាំចេញទំនិញមានចំនួន ៩ ១៨៣លានដុល្លារ ធ្លាក់ចុះ២.៤ភាគរយ ចំណែកការនាំចូលវិញមានចំនួន ១០ ១០៩លានដុល្លារ ធ្លាក់ចុះ ២២.៦ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២២»៕