ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “គោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧” ក្នុងគោលបំណងប្រែក្លាយកម្ពុជា ឲ្យទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីដ៏សំខាន់មួយសម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា គោលនយោបាយជាតិនេះ មានចក្ខុវិស័យអភិវឌ្ឍន៍ផលិតកម្ម ការកែច្នៃ និងទីផ្សារស្វាយចន្ទីឱ្យមានលក្ខណៈប្រកួតប្រជែង ធានានូវនិរន្តរភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ច ព្រមទាំងមានគោលបំណងប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីដ៏សំខាន់មួយ សម្រាប់បម្រើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។ឯកឧត្តម រដ្ឋមន្រ្តី មានជំនឿថា ការដាក់ចេញនូវគោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ នេះ នឹងជួយជំរុញការអភិវឌ្ឍវិស័យស្វាយចន្ទីកម្ពុជាដើម្បីឱ្យកម្ពុជាក្លាយទៅជាប្រទេសកែច្នៃ និងនាំចេញគ្រាប់ស្វាយចន្ទីដ៏ធំមួយក្នុងពេលឆាប់ៗខាងមុខ ស្របតាមអនុសាសន៍របស់ នាយករដ្ឋមន្រ្តីកម្ពុជា សម្តេចតេជោ ហ៊ុន សែន។តាមរយៈគោលនយោបាយជាតិស្តីពីស្វាយចន្ទីនេះ នឹងជួយពង្រឹងផលិតភាពនៃផលិតកម្មដំណំាស្វាយចន្ទី និងលើកកម្ពស់ការប្រកួតប្រជែងទាំងទន្និផល និងគុណភាព ការធ្វើពិពិធកម្ម ការកែច្នៃ ការនាំចេញ និងការបង្កើនតម្លៃបន្ថែមដល់ភាគីពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃ បង្កើតឱកាសការងារ និងតម្លៃបន្ថែមជូនពលរដ្ឋ ដើម្បីកាត់បន្ថយភាពក្រីក្រ និងចំណាកស្រុក និងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិ។គោលនយោបាយជាតិស្តីពីស្វាយចន្ទីឆ្នាំ២០២២-២០២៧ បានដាក់ចេញនូវគោលដៅចម្បងចំនួន ៣ រួមមាន ទី១ លើកកម្ពស់ទិន្នផលនៃការផលិត និងផលិតកម្ម ប្រកបដោយគុណភាពប្រកួតប្រជែង ទី២ ជំរុញការធ្វើឧស្សាហូបនីយកម្ម ដើម្បីបង្កើនតម្លៃបន្ថែមលើការប្រមូលផល និងការកែច្នៃអនុផលស្វាយចន្ទីឱ្យសម្រេចបាន ២៥ភាគរយ នៅឆ្នាំ២០២៧ និងយ៉ាងតិច ៥០ភាគរយ នៅឆ្នាំ២០៣២ និង ទី៣ជំរុញការនាំចេញតាមរយៈការធ្វើពិពិធកម្មទីផ្សារ ការផ្សារភ្ជាប់អន្តរវិស័យក្នុងការនាំចេញ កិច្ចសម្រួលពាណិជ្ជកម្មការកាត់បន្ថយថ្លៃដើម និងការលើកកម្ពស់ឧត្តមភាពលើទីផ្សារ។ទន្ទឹមនឹងនេះ គោលនយោបាយជាតិនេះ បានកំណត់នូវយុទ្ធសាស្រ្តចំនួន ៣ រួមមាន ១-យុទ្ធសាស្រ្តនៃការផលិត ២-យុទ្ធសាស្រ្តនៃការកែច្នៃ និង៣-យុទ្ធសាស្រ្តនៃការនាំចេញ ដែលនៅក្នុងនោះបានដាក់ចេញនូវផែនការសកម្មភាពជាក់លាក់ ដែលមានក្រសួង-ស្ថាប័នពាក់ព័ន្ធចូលរួមអនុវត្ត។យោងតាមរបាយការណ៍ពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ផលិតកម្មស្វាយចន្ទីឆ្នាំ២០២២ មានផ្ទៃដីដាំដុះ ៤៣៥,៧៣៣ ហិកតា ផ្ទៃដីប្រមូលផលមាន ៣៣០,៨៦១ហិកតា បរិមាណទិន្នផលមាន ៥០៨,២៨៣តោន ហើយការនាំចេញគ្រាប់ស្វាយចន្ទីឆៅបាន ៤៧១,៥២០តោន និងការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃបាន ១,៥៥៧តោន។ ខេត្តដែលមានផ្ទៃដីដាំស្វាយចន្ទីច្រើនជាងគេ គឺមានខេត្តកំពង់ធំ រតនគិរី ក្រចេះ កំពង់ចាម ព្រះវិហារ ស្ទឹងត្រែង ឧត្តរមានជ័យ ត្បូងឃ្មុំ មណ្ឌលគិរី និងខេត្តសៀមរាប។ក្នុងឆ្នាំ២០២២ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិ ៦៧ម៉ឺនតោន គិតជាទឹកប្រាក់ ១ពាន់ ៧៧លានដុល្លាអាមេរិក ក្នុងនោះប្រទេសដែលនាំចូលគ្រាប់ស្វាយចន្ទីពីកម្ពុជា មានប្រទេសវៀតណាម ជប៉ុន និងចិន៕
ព័ត៌មានគួរចាប់អារម្មណ៍
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ប្រកាសបើកជាផ្លូវការ យុទ្ធនាការ «និយាយថាទេ ចំពោះព័ត៌មានក្លែងក្លាយ!» ()
រដ្ឋមន្ត្រី នេត្រ ភក្ត្រា ៖ មនុស្សម្នាក់ គឺជាជនបង្គោល ក្នុងការប្រឆាំងព័ត៌មានក្លែងក្លាយ ()
អភិបាលខេត្តមណ្ឌលគិរី លើកទឹកចិត្តដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ត្រូវសហការគ្នាអភិវឌ្ឍភូមិ សង្កាត់របស់ខ្លួន ()
កុំភ្លេចចូលរួម! សង្ក្រាន្តវិទ្យាល័យហ៊ុន សែន កោះញែក មានលេងល្បែងប្រជាប្រិយកម្សាន្តសប្បាយជាច្រើន ដើម្បីថែរក្សាប្រពៃណី វប្បធម៌ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ()
វីដែអូ
ចំនួនអ្នកទស្សនា