អ្នកសារព័ត៌មាន ជាង៦០០នាក់ បានចុះឈ្មាះ សម្រាប់អាស៊ានប៉ារ៉ាហ្គេម ២០២៣
ភ្នំពេញ៖ គិតមកដល់ត្រឹមថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣នេះ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ បានចុះឈ្មោះចូលរួមយកព័ត៌មាន នៅក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ចំនួនជាង៦០០នាក់ហើយ ក្នុងនោះមានអ្នកសារព័ត៌មានអន្តរជាតិជាង១០០នាក់។ នេះបើតាមការឲ្យដឹងពីឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ នៃគណៈកម្មាធិការជាតិ CAMSOC-CAMAPGOC។
ក្នុងកិច្ចសម្ភាសជាមួយព័ត៌មាន ឯកឧត្តម ផុស សុវណ្ណ បានបញ្ជាក់ថា ដូចគ្នានឹងស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ថ្មីៗនេះដែរ គឺយើងបានរៀបចំមជ្ឈមណ្ឌលព័ត៌មានកណ្តាល (MPC) សម្រាប់អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដោយកាលពីស៊ីហ្គេម គឺទទួលបានការសហការ ពីអ្នកជំនាញមកពី ក្រៅប្រទេស ប៉ុន្តែសម្រាប់អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នេះ គឺជាកិច្ចសហការរៀបចំ របស់ស្ថានីយទូរទស្សន៍ ក្នុងស្រុកទាំងអស់។ MPC អាចទទួលអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ចូលធ្វើកិច្ចការ នៅក្នុងនេះ ក្នុងពេលតែមួយ ពី២៥០នាក់ ទៅ៣០០នាក់ ដោយមានទទួលអាហារសម្រន់ ឥតគិតថ្លៃ នៅទីនេះទៀតផង។ ជាមួយគ្នានេះគណៈកម្មការជំនាញក៏បានជួយសម្របសម្រួលដល់ការនាំចូលនូវសម្ភារ ឧបករណ៍ ផ្សព្វផ្សាយរបស់ អ្នកសារព័ត៌មានអន្តរជាតិ នៅព្រលានយន្តហោះ។
ឯកឧត្តមបន្ដថា ចំពោះការចុះថតយកព័ត៌មាន នៅតាមទីលានប្រកួតនានា ក៏ដូចគ្នានឹងការប្រកួត កីឡាស៊ីហ្គេម ថ្មីៗនេះដែរ លើកលែងតែពិធីបើកបិទអាស៊ាន ប៉ារ៉ាហ្គេមលើកទី១២ នេះ ដែលតម្រូវឲ្យមានតំបន់កំណត់ ដែលមិនប៉ះពាល់ ដល់ការរៀបចំបច្ចេកទេស។
ជាមួយគ្នានេះ ឯកឧត្តមអគ្គនាយកព័ត៌មាន និងសោតទស្សន៍បានលើកឡើងថា ចំពោះចំណុចខ្វះខាត កាលពីស៊ីហ្គេមលើកទី៣២ ចំពោះអ្នកសារព័ត៌មាន ដែលមាន បញ្ហាលំបាកខ្លះៗ ក្នុងការចុះផ្ទាល់នៅតាមទីលានប្រកួតមួយចំនួន គឺគណៈកម្មការជំនាញ បានកែសម្រួលឲ្យបានល្អប្រសើរ ដូចជាទីតាំងប្រកួតណាមួយ មន្ត្រីសម្របសម្រួល នឹងសម្របសម្រួលជាមួយមន្ត្រីសហព័ន្ធជំនាញ តាមសហព័ន្ធកីឡានីមួយៗ ដើម្បីផ្តល់ភាពងាយស្រួល ដល់អ្នកសារព័ត៌មាន។ តែអ្នកសារព័ត៌មាន គោរពពេលវេលាចូល ក្នុងទីលានប្រកួត តាមពេលវេលាកំណត់ផងដែរ ដើម្បីកុំឲ្យមានបញ្ហាប្រឈម។
សូមជម្រាបថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមទី១២ដែលជាកីឡាជនពិការ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងរៀបចំឡើង ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ដោយមានប្រភេទកីឡា អត្តពលកម្ម, វាយសី, ប៊ូស្យា, អុក, បាល់ទាត់៥ម្ខាង, បាល់ទាត់៧ម្ខាង, បាល់បោះពិការភ្នែក, យូដូ, លើកទម្ងន់, ហែលទឹក, វាយកូនឃ្លីលើតុ បុរស–នារី, បាល់ទះអង្គុយបុរស–នារី, បាល់បោះជិះរទេះបុរស–នារី, និង កីឡា E-Sport៕