គម្រោងប្រព័ន្ធដឹកជញ្ជូនទំនិញក្រុងព្រះសីហនុរំពឹងថានឹងបញ្ចប់នាចុងខែវិច្ឆិកាខាងមុខ
ភ្នំពេញ៖ ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ ត្រូវបានចាប់ផ្តើមសិក្សាហើយបន្ទាប់ពីចុះកិច្ចព្រមព្រៀងកាលពីខែសីហា ហើយក៏រំពឹងថានឹងបញ្ចប់នាចុងខែវិច្ឆិកាខាងមុខ។
ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំដំបូងបំផុតដើម្បីចាប់ផ្តើមអនុវត្ត ការសិក្សាសមិទ្ធិលទ្ធភាពគម្រោងមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ ដោយមានការចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Zoom) ពីថ្នាក់ដឹកនាំក្រុមការងារបច្ចេកទេសនៃសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC មន្ត្រីបច្ចេកទេសពាក់ព័ន្ធរបស់ជាច្រើនរូបទៀត នៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន៦ រួមមាន ការណែនាំអំពីសមាសភាពក្រុមការងាររបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC ការបញ្ជាក់លើគោលបំណងរបស់រាជរដ្ឋាភិបាលលើគម្រោងការងារនេះ និងអាទិភាព កិច្ចពិភាក្សាអំពី ការស្វែងរកគន្លឹះនៃរបាយការណ៍សម្រាប់ករណីអាជីវកម្ម ក្នុងទម្រង់ភាពជាដៃគូរវាងរដ្ឋ និងផ្នែកឯកជន (ហៅកាត់ថា PPP) បញ្ហា ឬហានិភ័យ ដែលអាចនឹងប៉ះពាល់ដល់គម្រោង បទបង្ហាញអំពីវិធីសាស្រ្តក្នុងការអនុវត្តការងាររបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC ការលើកសំណើអំពីវិធីសាស្ត្រក្នុងការទំនាក់ទំនង និងសម្របសម្រួល រវាងក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនិងសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC និងបទបង្ហាញអំពីការកំណត់កាលបរិច្ឆេទ ដែលគ្រោងនឹងផ្តល់ជូននូវលទ្ធផលនៃការសិក្សា និងកិច្ចការជំហានបន្ទាប់។
គម្រោងនេះត្រូវបានគេរំពឹងថា នឹងត្រូវបានសិក្សាជាដំណាក់កាល ដែលរាជរដ្ឋាភិបាលត្រូវបង់កម្រៃសេវាជូន IFC ទៅតាមដំណាក់កាលនីមួយៗ ប៉ុន្តែថវិកានេះនឹងត្រូវបង្វែរសងមករាជរដ្ឋាភិបាលវិញ ដោយក្រុមហ៊ុនដែលទទួលបានជ័យជម្នះក្នុងការដេញថ្លៃជាសាធារណៈ។
គួរឱ្យដឹងដែរថា មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ គឺជាមជ្ឈមណ្ឌលភស្តុភារកម្មអាទិភាពមួយក្នុងចំណោម មជ្ឈមណ្ឌលភស្តុភារកម្មអាទិភាពចំនួនពីរ ដែលនឹងត្រូវអភិវឌ្ឍជាបន្តបន្ទាប់តាមផែនការមេ (Comprehensive Intermodal Transport Master Plan 2022-2030) និងជាមជ្ឍមណ្ឌលភស្តុភារកម្មទី២ បន្ទាប់ពីគម្រោងអភិវឌ្ឍមណ្ឌលភស្តុភារកម្មភ្នំពេញ (Phnom Penh Logistics Complex) ដែលនឹងអាចប្រែក្លាយកម្ពុជា ទៅជាមជ្ឈមណ្ឌលភស្តុភារកម្មប្រចាំតំបន់ នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍៕