សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញបើកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២
ភ្នំពេញ៖ នៅល្ងាច ថ្ងៃសៅរ៍ ១៥កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីបើកព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១២ (12th ASEAN Para Games) នៅពហុកីឡាដ្ឋានជាតិមរតកតេជោ។
ព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលកម្ពុជាជាម្ចាស់ផ្ទះនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣–៩ ខែមិថុនា ឆ្នាំ២០២៣ដោយមានប្រភេទកីឡាចូលរួមចំនួន១៣ប្រភេទរួមមានអត្តពលកម្ម, ប៊ូស្យា, វាយសី, បាល់ទាត់ ម្ខាង៧នាក់, អុកចក្រត្រង្គ, យូដូ, បាល់ទះអង្គុយ, បាល់បោះអង្គុយលើរទេះ, លើកទម្ងន់, បាល់ទាត់ ម្ខាង៥នាក់, ហែលទឹក, វាយកូនឃ្លីលើតុ និងបាល់គប់ម្ខាង៣នាក់។
កីឡាករ កីឡាការិនី ច្រើនជាងគេ គឺមកពីប្រទេសថៃ មាន ៣០៤ នាក់ ដោយឥណ្ឌូណេស៊ី ២៧៥ នាក់ និងប្រទេសម្ចាស់ផ្ទះកម្ពុជា២៥២ នាក់ ក្នុងនោះ មានអត្តពលិក មកពីវៀតណាម ១២៨ នាក់ មីយ៉ាន់ម៉ា ៨៣ នាក់ ឡាវ ៤៣ នាក់ សិង្ហបុរី ២៦ នាក់ ព្រុយណេ ២០នាក់ និង ១៣ នាក់ មកពីទីម័រខាងកើត។
ក្រៅពីអត្តពលិកនោះ មានគ្រូបង្វឹក និងមន្ត្រីបច្ចេកទេស សរុបចំនួន ១.២៣៩ នាក់ ដែលក្នុងនោះ មន្ត្រីបច្ចេកទេស មកពីជប៉ុន ចំនួន៤៨ នាក់ មន្ត្រីបច្ចេកទេសអន្ដរជាតិ ចំនួន ១៧១ នាក់ និងមន្ត្រីបច្ចេកទេសក្នុងស្រុក ចំនួន ៩០០ នាក់៕