កិច្ចព្រមព្រៀងស្ដីពី ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម នឹងជួយលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត
ភ្នំពេញ៖ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបលោកបណ្ឌិត ថានី ប៊ីន អាម៉េត អាល់ ហ្សេយូឌី (Thani bin Ahmed Al Zeyoudi) រដ្ឋមន្រ្ដីពាណិជ្ជកម្មអន្តរជាតិនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលចូលសម្តែងការគួរសម នៅទីស្តីការក្រសួង នៅថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣។ ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះទំនាក់ទំនងទ្វេភាគីដែលកំពុងរីកលូតលាស់ និងមានសុទិដ្ឋិនិយមចំពោះសក្តានុពលសម្រាប់ការពង្រីកបន្ថែមទៀតនូវការផ្លាស់ប្តូរវាងប្រទេសទាំងពីរ។
ភាគីទាំងពីរបានពិនិត្យឡើងវិញនូវកាលានុវត្តភាពក្នុងវិស័យពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ ការតភ្ជាប់ ថាមពល កសិកម្ម ឡូជីស្ទីក និងធនធានមនុស្ស។ ភាគីទាំងពីរបានកត់សម្គាល់ថា ទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើង និងបានសម្តែងការជឿជាក់ថា កិច្ចព្រមព្រៀងស្ដីពី ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដែលត្រូវបានចុះហត្ថលេខាក្នុងថ្ងៃនេះ នឹងរួមចំណែកយ៉ាងសំខាន់ដល់ការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើផលប្រយោជន៍រវាងតំបន់ទាំងពីរ។ ឯកឧត្តមបណ្ឌិត ថានី ប៊ីនអាម៉េត អាល់ ហ្សេយូឌី បានថ្លែងអំណរគុណកម្ពុជា ក្នុងនាមជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ ដែលបានផ្តល់លទ្ធភាពឱ្យអេមីរ៉ាតអារ៉ាប់រួម ចូលជាភាគីសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) និងដែលបានគាំទ្រអេមីរ៉ាតអារ៉ាប់រួម ក្លាយជាដៃគូសន្ទនាតាមវិស័យ នៅក្នុងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)៕