រដ្ឋបាលខេត្តមណ្ឌលគិរី ណែនាំដល់លោក យន់ សារ៉ោម ឲ្យពិនិត្យកែតម្រូវសកម្មភាពដែលបានប្រព្រឹត្តកំហុសឆ្គងកន្លងមក ហើយកែប្រែខ្លួនឲ្យក្លាយជាមន្ត្រីល្អ
ខេត្តមណ្ឌលគិរី៖ រដ្ឋបាលខេត្តមណ្ឌលគិរីបានពិនិត្យឃើញពីសកម្មភាពរបស់លោកយន់ សារោម ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត កន្លងមកបានប្រព្រឹត្តកំហុសឆ្គងក្នុងការងារក៏ដូចជាការទាក់ទំនងជាច្រើនជាមួយមហាជន ជាពិសេសនៅក្នុងឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ បានយកកាំបិទផ្គាក់បម្រុងប្រើអំពើហិង្សា និងជេរប្រមាថអាយុជីវិតប្រពន្ធឈ្មោះ ហែម រុន ប្រព្រឹត្តទៅកាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នៅភូមិ ដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
ទង្វើទាំងឡាយខាងលើនេះ បានជះឥទ្ធិពលមិនល្អដល់ ក្រមសីលធម៌ សុជីវធម៌ ជាមន្ត្រីរាជការ និងជាថ្នាក់ដឹកនាំ ដែលផ្ទុយពីច្បាប់សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិលនៃព្រះរាជាណាចក្រកម្ពុជា។
រដ្ឋបាលខេត្តមណ្ឌលគិរី សូមធ្វើការណែនាំដល់លោក យន់ សារ៉ោម ឲ្យពិនិត្យ កែតម្រូវពីសកម្មភាពដែលបានប្រព្រឹត្តកំហុសឆ្គងកន្លងមក ហើយកែប្រែខ្លួនឲ្យក្លាយជាមន្ត្រី ជាថ្នាក់ដឹកនាំ ប្រកបដោយក្រមសីលធម៌ គុណធម៌ សីលធម៌ សាមគ្គីភាពទូលំទូលាយ ក្នុងការងាររាជការ ក៏ដូចការងារជាមួយមហាជនឲ្យបានឆាប់រហ័សតាមដែលខ្លួនអាចធ្វើទៅបាន។ (នេះបើតាមលិខិតលេខ ០០៤/២៣ ល ណ.ន ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តមណ្ឌលគិរី)៕