ឯកឧត្តម ដួង តារា សម្រេចយកផេកហ្វេសប៊ុកសម្តេចតេជោមកវិញ ទុកបន្តប្រើជាប្រយោជន៍សង្គម ទោះសម្តេចប្រើឬមិនប្រើក៏ដោយ
ភ្នំពេញ ៖ ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី បានសម្រេចយកផេកហ្វេសប៊ុកសម្ដេចតេជោ (Samdech Hun Sen, Cambodian Prime Minister) មកប្រើឡើងវិញ ក្រោយហ្វេសប៊ុកសម្តេចបានអាកខាននូវរាល់សកម្មភាពនានាអស់ប្រមាណជា១ខែមកនេះ។ ការយកមកប្រើវិញត្រូវបានលោក ដួង តារាអះអាងថា ដើម្បីទុកបន្តប្រើជាប្រយោជន៍សង្គមជាតិ ទោះបីសម្តេចតេជោមិនប្រើក៏ដោយ ។
ឯកឧត្តម ដួង តារា បានសរសេររៀបរាប់នៅលើផេកហ្វេសប៊ុកនេះ ដែលមានអត្ថន័យដូចខាងក្រោម៖
«កាលពីថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១០ (មុនខ្ញុំចូលបម្រើការងារជូន សម្តេចតេជោនាយករដ្ឋមន្រ្តី) ខ្ញុំបានបង្កើត Page “ Samdech Hun Sen, Cambodian Prime Minister នេះដើម្បីទុកប្រគល់ជូន សម្តេច សម្រាប់ប្រើប្រាស់ក្នុងការទំនាក់ទំនងជាមួយប្រជាពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស ជាពិសេសដើម្បីបានដឹងអំពីសុខទុក្ខពលរដ្ឋដោយផ្ទាល់តាមរយៈសំណូមពរ និងមតិយោបល់តាមរយៈផេកនេះ។ ដោយសារខ្ញុំបានឃើញអំពីសារៈសំខាន់នៃបណ្តាញទំនាក់ទំនងសង្គម Facebook នេះ ទើបខ្ញុំសម្រេចបង្កើតPage នេះឡើងទុកជូន សម្តេច យកទៅប្រើជាប្រយោជន៍ប្រទេសជាតិ។ ខ្ញុំមិនចង់បាត់បង់ផេកដ៏សំខាន់ ដែលខ្ញុំបានប្រើពេល ១៣ឆ្នាំកន្លងមកនេះឡើយ។ ខ្ញុំបានសម្រេចចិត្តយកមកប្រើឡើងវិញ និងសូមស្នើសុំរក្សាផេកនេះទុកបន្តប្រើជាប្រយោជន៍សង្គមជាតិ ទោះបីសម្តេចតេជោមិនប្រើក៏ដោយ។»