គណៈសង្ឃនាយកកម្ពុជាអំពាវនាវឱ្យព្រះសង្ឃ និងពុទ្ធបរិស័ទទាំងអស់ ទៅបោះឆ្នោតឱ្យបានគ្រប់ៗរូប
ភ្នំពេញ៖ គណៈសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣នេះ បានអំពាវនាវជាឱឡារិកចំពោះព្រះថេរានុត្ថេរៈ និងពុទ្ធបរិស័ទទាំងអស់ ដែលមានសិទ្ធបោះឆ្នោត សូមនិមន្ត និងអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗរូប ជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ដើម្បីការអភិវឌ្ឍ និងការរីកចម្រើនរុងរឿងថ្កើងថ្កានលើគ្រប់វិស័យ។
តាមរយៈសេចក្តីអំពាវនាវ គណៈសង្ឃនាយកកម្ពុជា បានបញ្ជាក់ថា ព្រះថេរានុត្ថេរៈ ប្រជាពុទ្ធបរិស័ទទាំងអស់ គប្បីត្រិះរិះពិចារណាធ្វើការសិក្សាស្វែងយល់ ឱ្យបានច្បាស់លាស់ពីឆ្នាំ១៩៧៩ មកដល់បច្ចុប្បន្នថាអាស្រ័យដោយ សម្ដេចតេជោនាយករដ្ឋមន្តី បានខិតខំស្វែងរក សុខសន្តិភាពឱ្យកើតមានមកដល់ពេលនេះ មិនមែនកើតមានដោយឯងៗនោះឡើយ អាស្រ័យដោយការដឹកនាំដ៏ប៉ិនប្រសព្វ។ ការបោះឆ្នោតដែលនឹងប្រព្រឹត្តទៅនាពេលខាងមុខ គឺជាការបោះឆ្នោតជាទូទៅ ជាសកល ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និងដោយសម្ងាត់ ស្របតាមគោល ការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។
ទន្ទឹមនឹងនេះ ដោយទទួលបានសុខសន្តិភាព សេរីភាព នាពេលកន្លងមក និងបច្ចុប្បន្ននេះ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងការអភិវឌ្ឍនរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្តីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ គណៈសង្ឃនាយកកម្ពុជា សូមព្រះថេរានុត្ថេរៈ និង ពុទ្ធបរិស័ទទាំងអស់ សូមមេត្តានិមន្ត និងអញ្ជើញទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗរូប ដើម្បីជ្រើស រើសអ្នកដឹកនាំប្រទេសជាតិ ដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌បំផុត៕