ព្រះមហាក្សត្រ អំពាវនាវជនរួមជាតិទាំងអស់ សូមនាំគ្នាទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ថ្ងៃ២៣ ខែកក្កដា
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ ព្រះរាជអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ ទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឱ្យបានគ្រប់គ្នា ជ្រើសរើសអ្នកដឹកនាំជាតិ ដើម្បីការអភិវឌ្ឍ និងរីកចម្រើនរុងរឿងថ្កើងថ្កានលើគ្រប់វិស័យ។
ក្នុងព្រះរាជសារផ្ញើជូនជនរួមជាតិ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង មានព្រះរាជបន្ទូលថា ការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា គឺជាការបោះឆ្នោតជាទូទៅ ជាសកល ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និងដោយសម្ងាត់ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។
ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង មានរាជបន្ទូលអំពាវនាវយ៉ាងដូច្នេះ «សូមកុំមានការព្រួយបារម្ភពីការគាបសង្កត់ ការគំរាមកំហែង ឬសម្លុតពីជនណាម្នាក់ ឬគណបក្សណាមួយឱ្យសោះ។ សូមជនរួមជាតិទាំងអស់ មេត្តាប្រើសិទ្ធិសេរីភាពបោះឆ្នោតទៅតាមសតិសម្បជញ្ញៈ របស់ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តទៅលើបេក្ខជនណាម្នាក់ គណបក្សនយោបាយណាមួយដោយសេរី»៕