អភិបាលខេត្តមណ្ឌលគិរីចុះសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ថវិកា ជូនកងកម្លាំងយោធភូមិភាគទី១ និងកងពលលេខ៧០ ដែលកំពុងឈរជើងនៅស្រុកកោះញែក
ខេត្តមណ្ឌលគិរី៖ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ដឹកនាំក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត សម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្ត និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ថវិកាមួយចំនួន ផ្តល់ជូនកងកម្លាំងយោធភូមិភាគទី១ និងកងពលលេខ ៧០ នៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ ដែលកំពុងឈរជើង ដើម្បីការពារបូរណភាពលើកទឹកដី នៅខេត្តមណ្ឌលគិរី ដើម្បីទប់ស្កាត់ និងកំចាត់ចលនាប្រឆាំងក្រៅប្រទេស ក្នុងពិធីប្រគល់-ទទួលអំណោយ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី១ ដែលប្រព្រឹត្តទៅនៅទីរួមស្រុកកោះញែក ដែលពិធីនេះរៀបចំឡើងកាលពីចុងសប្តាហ៍កន្លងទៅ។
ឯកឧត្តម ថង សាវុន អភិបាលខេត្ត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ចំពោះកងកម្លាំងទាំងអស់ ដែលកំពុងឈរជើង ការពារបូរណៈភាពទឹកដី នៅភូមិសាស្រ្តនៃខេត្តមណ្ឌលគិរី ដែលថ្មីៗនេះ ពួកភេរវកម្មហ៊ានហោះដ្រូន រំលោភចូលដែនអធិបតេយ្យកម្ពុជា ក្នុងខេត្តជាប់ព្រំដែនប្រទេសវៀតណាម។
ឯកឧត្តម បានថ្លែងការកោតសរសើរ ដល់ថ្នាក់ដឹកនាំ ក៏ដូចជាកងកម្លាំង ដែលបានខិតខំយកចិត្តទុកដាក់អនុវត្ត តួនាទី ភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋបានល្អប្រសើរ ជាពិសេស ការពារបូរណៈភាពទឹកដី ការពារដាច់ខាតនូវ ជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់។ ឯកឧត្តម បានណែនាំដល់កងម្លាំងទាំងអស់ ដែលកំពុងឈរជើងនៅភូមិសា្រស្ត នៃខេត្តមណ្ឌលគិរី ត្រូវថែទាំសុខភាពឲ្យបានល្អ និងត្រូវគោរពឲ្យបានម៉ឺងម៉ាត់នូវវិន័យរបស់កងកម្លាំងឲ្យបានល្អប្រសើរ។
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការយោធភូមិភាគទី១ បានសូមគោរពថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ក៏ដូចជាមន្រ្តីរាជការ និងក្រុមការងារយុវជនទាំងអស់ ដែលបានគិតគូរ និងយកចិត្តទុកដាក់ផ្តល់សម្ភារ និងថវិកាមួយចំនួន ដល់កងកម្លាំង ដើម្បីជាការលើកទឹកចិត្ត ក្នុងបុព្វហេតុការពារទឹកដីនៃព្រះរាជាណាចក្រកម្ពុជា។
នាឱកាសនោះ ឯកឧត្តម ថង សាវុន អភិបាលខេត្ត បាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ផ្តល់ជូនកងកម្លាំងយោធភូមិភាគទី១ និងកងពលលេខ ៧០ រួមមាន៖ អង្ករ ៣តោន , មីម៉ាម៉ា ២០កេសធំ ត្រីខ ២៣កេសធំ បាកាស ៥០កេស ទឹកសុទ្ធ ៥០កេស ថវិកា ១០លានរៀល និង គោ ១ក្បាល សម្រាប់ចាត់ចែកការហូបចុកផងដែរ៕