ថ្ងៃអង្គារ៍ ទី០៧ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
អាជ្ញាធរខេត្តមណ្ឌលគិរី សម្រេចឈូសឆាយកសាងផ្លូវវាងថ្មី នៅចំណុចកំណាត់ផ្លូវជាតិលេខ៧៦A ក្នុងភូមិសាស្រ្តស្រុកអូររាំង ដែលត្រូវកាត់ផ្ដាច់ទាំងស្រុង ដើម្បីឲ្យពលរដ្ឋប្រើប្រាស់ជាបណ្តោះអាសន្ន
Wed,02 August 2023 (Time 06:55 PM)
ដោយ ៖ (ចំនួនអ្នកអាន: 172នាក់)

មណ្ឌលគិរី៖ ផ្លូវជាតិលេខ៧៦A តភ្ជាប់ពីស្រុកស្នួល ខេត្តក្រចេះ ឆ្ពោះមកខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ត្រូវផ្អាកការដំណើរទាំងស្រុង ទាំងម៉ូតូ និងរថយន្ត បន្ទាប់ពីកំណាត់ផ្លូវនោះ ត្រូវបាក់ស្រុតដីចូលទៅក្នុងជ្រោះខាងក្រោម ត្រង់ចំណុចអូរងើយ ក្នុងភូមិសាស្ត្រ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ចន្លោះគីឡូម៉ែត្រលេខ៩១ ដល់គីឡូម៉ែត្រ៩៩។
លោក រស់ គីមធន ប្រធានមន្ទីរសាធារណៈការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បានបញ្ជាក់នៅព្រឹកថ្ងៃទី០២ ខែសីហានេះថា កំណាត់ផ្លូវជាតិលេខ៧៦A ត្រូវបានផ្អាកទាំងស្រុងតាំងវេលាម៉ោង៦ល្ងាច ថ្ងៃ០១ សីហា ព្រោះមុនពេលបាក់ស្រុត នៅលើដងផ្លូវត្រង់ចំណុចនោះបានចេញស្នាមប្រេះគួរឱ្យបារម្ភ ហើយឯកឧត្ដម អភិបាលខេត្ត ក៏បានបញ្ជាឱ្យផ្អាកការធ្វើដំណើរនៅម៉ោង៦ល្ងាច ដោយសារផ្លូវបានបាក់ស្រុតទាំងស្រុងនៅវេលាម៉ោងប្រមាណជា ៦និង៣០ល្ងាចថ្ងៃដដែលនោះ។ លោក រស់ គីមធន បញ្ជាក់ទៀតថា គិតរហូតមកដល់ពេលនេះ ជំនាញពាក់ព័ន្ធបានសហការគ្នា យកគ្រឿងចក្រទៅឈូសឆាយកសាងផ្លូវវាងថ្មី នៅចំណុចដែលបាក់ស្រុត ដើម្បីជួយសម្រួលដល់ការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋប្រើប្រាស់បណ្ដោះអាសន្ន។
លោកឧត្តមសេនីយទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី បានឲ្យដឹងថា កំណាត់ផ្លូវជាតិលេខ៧៦A ដែលត្រូវបាក់ស្រុតទាំងស្រុង នៅចំណុចអូរងើយ ក្នុងស្រុកអូររាំង ត្រូវបានផ្អាកទាំងស្រុង ក្នុងនោះ កម្លាំងស្នងការនគរបាលខេត្ត សហការជាមួយកម្លាំងនគរបាលស្រុកអូររាំង និងស្រុកកែវសីមា ប្រជាការពារ រួមទាំងអាជ្ញាធរមូលដ្ឋាន ចុះហាមឃាត់មិនឳ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់នោះទេ។ លើសពីនេះ លោក ស្នងការនគរបាលខេត្ត ក៏បានឧបត្ថម្ភអាវភ្លៀង និងគ្រឿងឧបភោគបរិភោគដល់កម្លាំង ដែលប្រចាំការនៅចំណុចបាក់ស្រុតនោះផងដែរ។
អភិបាលស្រុកអូររាំង លោក សៀក មុន្នី បញ្ជាក់ថា មូលហេតុនៃការបាក់ស្រុត មិនទាន់អាចវាយតម្លៃបានច្បាស់លាស់នោះទេ ព្រោះចំណុចនោះចោតជ្រៅពេកពិបាកពិនិត្យរកមូលហេតុនៃការបាក់ស្រុត ប៉ុន្តែបើតាមការសន្និដ្ឋានជំហ៊ានដំបូង ចំណុចបាក់ស្រុតអាចបណ្ដាលមកពីភ្លៀងធ្លាក់ជាប់ៗគ្នាច្រើនថ្ងៃពេក ធ្វើឱ្យស្ថានភាពដីនៅខាងក្រោមភ្នំជ្រាយក្លាយជាភក់ (ខួរអណ្ដែង) ទើបបាក់ស្រុតចុះតែម្ដង ។
គួររម្លឹកថា ក្រោយកើតមានករណីបាក់ស្រុតផ្លូវភ្លាម កម្លាំងជំនាញពាក់ព័ន្ធ បានចុះដល់ចំណុចកើតភ្លាមដែរ ដើម្បីពិនិត្យមើលស្ថានភាពខូចខាត និងរកវិធីសាស្ត្រជួសជុល។ ហើយករណីនេះ មិនបានបង្កឱ្យមានគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនោះទេ ចំណែកការធ្វើដំណើរទៅមក ចេញចូលទីរួមខេត្តមណ្ឌលគិរី គឺត្រូវវាងតាមខេត្តរតនគិរី និងខេត្តស្ទឹងត្រែង។ ក្រៅពីការបាក់ស្រុតផ្លូវព្រោះទឹកភ្លៀង ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី ពិសេស ក្នុងស្រុកកែវសីមា ក៏មានផលប៉ះពាល់ព្រោះជំនន់ទឹកភ្លៀងដែរ ដោយបណ្ដាឃុំមួយចំនួន ដូចជាឃុំស្រែព្រះ ឃុំស្រែឈូក និងឃុំស្រែខ្ទុមជាដើម មានការជន់លិចស្ពាន លិចដំណាំ និងផ្ទះប្រជាពលរដ្ឋមួយចំនួន៕

ព័ត៌មានគួរចាប់អារម្មណ៍

រដ្ឋមន្រ្តីបរិស្ថាន៖ ការពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងបរិស្ថានជាអាទិភាពក្នុងគោលនយោបាយរបស់រាជរដ្ឋាភិបាល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អ្នកសារព័ត៌មានបើផ្សាយខុស ត្រូវហ៊ានកែសម្រួល ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវអ្នកសារព័ត៌មាន កុំធ្វើអ្វីនាំឱ្យបាត់បង់ឥទ្ធិពល នៃអំណាចទី៤ ()

ព័ត៌មានគួរចាប់អារម្មណ៍

សម្តេចធិបតី អំពាវនាវដល់អ្នកសារព័ត៌មាន ទាំងអស់រួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ «Fake News» ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
9 នាក់
ម្សិលមិញ :
2791 នាក់
សប្តាហ៍នេះ :
6219 នាក់
ខែនេះ :
35429 នាក់
3 ខែនេះ :
69274 នាក់
សរុប :
763748 នាក់