ថ្ងៃពុធ ទី០១ ខែឧសភា ឆ្នាំ២០៥០
ផ្សព្វផ្សាយព័ត៌មានពិត គ្រប់ទីកន្លែងជាមួយ គេហទំព័រ កោះញែកប៉ុស្តិ៍!
នាយករដ្ឋមន្រ្ដី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលដាក់ចេញយុទ្ធសាស្ត្របញ្ចកោណ ដើម្បីជំរុញ​កំណើន​​សេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព
Thu,24 August 2023 (Time 03:58 PM)
ដោយ ៖ (ចំនួនអ្នកអាន: 143នាក់)

ភ្នំពេញ៖ ឯកឧត្តម កិត្តិទសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ​កម្ពុជាបានថ្លែងថា ឈរលើមូលដ្ឋាននៃសមិទ្ធផល ដែលសម្រេចបានក្នុងរយៈពេល ២៥ ឆ្នាំ កន្លង​មក និងការពិនិត្យវាយតម្លៃនិន្នាការតំបន់ និងសកល ជាមួយនឹងការប្រមើលទៅមុខ ២៥ ឆ្នាំ សំដៅឆ្លើយតបនឹងបំណងប្រាថ្នាប្រជាជនឆ្ពោះទៅ​សម្រេចបាននូវចក្ខុវិស័យ​កម្ពុជា ឆ្នាំ ២០៥០ រាជរដ្ឋាភិបាលដាក់ចេញ “យុទ្ធសាស្ត្របញ្ចកោណ” ដើម្បីជំរុញកំណើន​សេដ្ឋកិច្ច, បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និង រក្សាចីរភាព។

​ ថ្លែងក្នុងសម័យប្រជុំដំបូងរបស់គណៈរដ្ឋមន្ត្រី អាណត្តិទី៧ នាព្រឹកថ្ងៃទី ២៤ ខែ​សីហា ឆ្នាំ២០២៣ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្រាប់រយៈពេល ៥ ឆ្នាំដំបូង ក្នុងនីតិកាល ទី ៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលសម្រេចដាក់​ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាល ទី ១ ដោយយោងលើភាពចាំបាច់ ជាក់​ស្តែង នៅក្នុងទិដ្ឋភាពសំខាន់ៗ ដូចជា

១. ភាពចាំបាច់ ក្នុងការបន្តពង្រឹង និងពង្រីក​សមិទ្ធ​ផលនានា ដែលរាជរដ្ឋាភិបាល សម្រេចបាននៅក្នុងនីតិកាលកន្លងមក នៅក្នុងក្រប​ខ័ណ្ឌ​យុទ្ធ​សាស្ត្រត្រីកោណ និងយុទ្ធសាស្ត្រចតុកោណទាំង៤ដំណាក់កាល តាមរយៈ ការការ​ពារ​ឱ្យបានដាច់ខាត និងការបន្តពង្រឹងនូវ សុខសន្តិភាព ស្ថិរភាពនយោបាយ និង សណ្តាប់​ធ្នាប់សង្គម ការពង្រឹងការគោរពច្បាប់ និងវិធាននៃច្បាប់ ការលើកស្ទួយនីតិរដ្ឋ សិទ្ធិ​សេរីភាព សេចក្តីថ្លៃថ្នូររបស់មនុស្ស និងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និង ការអនុវត្តវិ​ធានការជាក់ស្តែងនានា សំដៅលើកកម្ពស់កម្រិត ជីវភាព និង សុខុមាលភាពប្រជា​ជន​ជាពិសេស ការដោះស្រាយបញ្ហាពាក់ព័ន្ធនឹងប្រសិទ្ធភាព នៃអភិបាលកិច្ច ស្ថាប័ន និង យុត្តិធម៌​សង្គម ព្រមទាំងការពង្រឹងភាពស្អាតស្អំ និង គុណភាពសេវាសាធារណៈ។

២. ភាព​ចាំបាច់ ក្នុងការបន្តកែទម្រង់ស្ថាប័ន និងអភិបាលកិច្ច ឱ្យសម្រេចបាននូវរដ្ឋបាល​សាធារណៈ​មួយ ដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និង ស្អាតស្អំ ហើយបំពេញ ការងារ​នៅក្នុង “ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ” ព្រមទាំងធានាបាននូវប្រសិទ្ធភាពខ្ពស់ នៅ​ក្នុង​គ្រប់​​ទិដ្ឋភាពនៃកិច្ចប្រតិបត្តិការរបស់ខ្លួន, ទាំងការដឹកនាំការសម្របសម្រួល, ការត្រួត​ពិនិត្យ និង ការវាយតម្លៃ លើការអនុវត្តគោលនយោបាយ និង យុទ្ធសាស្ត្រនានា នៅក្នុង​បរិការណ៍នៃ ការវិវត្តប្រែប្រួលយ៉ាងរហ័សនៃសភាពការណ៍សង្គម-សេដ្ឋកិច្ច, ទាំងក្នុង និង ក្រៅ​ប្រទេស។

៣. ភាពចាំបាច់ ក្នុងការបន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះ សម្រាប់ជំរុញ​ការ​អភិវឌ្ឍ សេដ្ឋកិច្ច និង សង្គម ដោយផ្តោតជាសំខាន់លើ ការកសាងមូលធន​មនុស្ស​រឹងមាំ ពិសេស តាមរយៈការកែទម្រង់វិស័យអប់រំ និង វិស័យសុខាភិបាល ការបង្កើន​ផលិតភាព​សេដ្ឋកិច្ច ការលើកកម្ពស់ចំណេះដឹងរបស់ប្រជាជន និងសមត្ថភាពជំនាញ​របស់ពលករ ការពង្រឹងអភិបាល កិច្ចវិស័យឯកជន និង ធុរកិច្ចនិង ការលើកកម្ពស់​ការត​ភ្ជាប់ ព្រមទាំងការជំរុញអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទទាំងរឹង និង ទន់ រួមបញ្ចូលនូវ​ហេដ្ឋារចនា​សម្ព័ន្ធឌីជីថលផង ដើម្បីឈានទៅបង្កើតឡើងនូវម៉ូដែលថ្មីនៃកំណើន ដែល​ផ្អែក​លើជំនាញ បច្ចេកវិទ្យា និងនវានុវត្តន៍ ។

៤. ភាពចាំបាច់ ក្នុងការបង្កើនការធ្វើ​ពិពិធកម្ម​សេដ្ឋកិច្ច និង ភាពប្រកួតប្រជែងរបស់ កម្ពុជា និង ក្នុងការកសាងភាពធន់ទៅ​នឹងការ​ប្រែ​ប្រួលនៃកត្តាសង្គម-សេដ្ឋកិច្ច និងកត្តាបរិស្ថានធម្មជាតិ ដើម្បីពង្រឹងមូលដ្ឋាន​កំណើនសេដ្ឋ​កិច្ច និង ធានាចីរភាពនៃកំណើនខ្ពស់ តាមរយៈការបង្កើនតម្លៃបន្ថែម ក្នុងវិស័យចន្ទល់​កំណើន​សេដ្ឋកិច្ចដែលមានស្រាប់ និង វិស័យផ្សេងទៀតដែលកម្ពុជាមានសក្តានុពល ការ​ជំរុញការវិនិយោគក្នុងវិស័យកសិកម្ម និង កសិ-ឧស្សាហកម្មការជំរុញការអភិវឌ្ឍវិស័យ​ឧស្សា​ហកម្ម និងឧស្សាហូបនីយកម្មការលើកកម្ពស់ ការប្រកួតប្រជែងស្មើភាព និង ការ​លើក​ស្ទួយភាពប្រកួតប្រជែងរបស់កម្ពុជា ការកសាង ភាពធន់ទល់នឹងគ្រោះអាសន្ន និង វិបត្តិនានា ព្រមទាំងការលើកកម្ពស់ទំនាក់ទំនងអន្តរជាតិ និង ការទូត និង ការធ្វើ​សមា​ហរណកម្មស៊ីជម្រៅទៅក្នុងតំបន់ និងសកលលោក សំដៅទាញយកផលប្រយោជន៍​សេដ្ឋ​កិច្ច និងសង្គម ឱ្យបានជាអតិបរមាជូនប្រទេសជាតិ។

៥. ភាពចាំបាច់ ក្នុងការដាក់ចេញ​នូវ​របៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយមួយ នៃ “កម្មវិធីនយោបាយ​របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា” ដើម្បីកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់​ការបន្តដំណើរឈានទៅសម្រេចបាននូវ ចក្ខុវិស័យ កម្ពុជា ឆ្នាំ ២០៥០។

ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិតនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា បាវចនាគោល​ដៅយុទ្ធសាស្ត្រ និងអាទិភាពគន្លឹះនៃយុទ្ធសាស្តយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ មាន បាវចនា គោលដៅយុទ្ធសាស្ត ៥ និង អាទិភាពគន្លឹះ ៥ ដែលក្នុងនោះបាវចនា ៥ រួមមាន កំណើន, ការងារសមធម៌, ប្រសិទ្ធភាព, និងចីរភាព ។ គោលដៅយុទ្ធសាស្ត ៥ រួមមាន (១). ធានាឱ្យបានកំណើនសេដ្ឋកិច្ច ក្នុងអត្រាមធ្យមប្រចាំឆ្នាំ ក្នុងរង្វង់ ៧%​ប្រកប​ដោយ​ភាពធន់នឹងវិបត្តិនានា

(២)បង្កើតការងារឱ្យបានកាន់តែច្រើន, ទាំងបរិមាណ និង គុណភាព ជូនដល់ប្រជាជនកម្ពុជា ជាពិសេសសម្រាប់យុវជន; (៣). សម្រេចឱ្យ​បាននូវ​គោលដៅកាត់បន្ថយភាពក្រីក្រ ក្នុងអត្រាទាបជាង ១០% និងបន្តខិតខំទាញទម្លាក់​អត្រា​នៃភាពក្រីក្រ ឱ្យស្ថិតនៅក្នុងកម្រិតជាអប្បបរមា

(៤). បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និង​លើកកម្ពស់គុណភាពស្ថាប័ន ទាំងថ្នាក់ ជាតិ និង ថ្នាក់ក្រោមជាតិ ដើម្បីធានាឱ្យបាននូវ​ប្រសិទ្ធភាពនៃសេវាសាធារណៈ ក៏ដូចជាបន្តពង្រឹងអភិបាលកិច្ចវិស័យឯកជន និងបន្តកិច្ច​ប្រឹងប្រែងលើកកម្ពស់បរិយាកាសអំណោយផល សម្រាប់ធុរកិច្ច ការវិនិយោគ និង ពាណិជ្ជ​កម្មនិង

(៥). ធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងកសាងភាព​ធន់ទៅ​នឹង ការប្រែប្រួលអាកាសធាតុ។ ជាមួយនឹង បាវចនា ៥ និង គោលដៅយុទ្ធសាស្ត្រ ៥ នេះ រាជរដ្ឋាភិបាលសម្រេចកំណត់យកនូវ អាទិភាពគន្លឹះ ចំនួន ៥ សម្រាប់ យុទ្ធសាស្ត បញ្ចកោណ-ដំណាក់កាលទី ១ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និង បច្ចេកវិទ្យា។

​គួរបញ្ជាក់ដែរថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីលើកដំបូង ក៏បានពិភាក្សានិង​ឆ្លង​លើរបៀបវារៈចំនួន ដូចជា ១. ការប្រកាសឱ្យអនុវត្តនូវ “យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់​កាលទី១»។ ២-ការពិនិត្យនិងសម្រេចលើសេចក្ដីព្រាងច្បាប់ស្តីពីការកែ​សម្រួលឈ្មោះ “ក្រសួង​ទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច” ទៅជា «ក្រសួង​អធិការកិច្ច»។ ៣- ការពិនិត្យនិងសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីការបង្កើត “រដ្ឋលេខា​ធិ​ការ​ដ្ឋានកិច្ចការព្រំដែន”។ ៤- ការណែនាំរបស់នាយករដ្ឋមន្ត្រីអំពីរបៀបរបបការងារ និង​កិច្ច​ដំណើរការនៃគណៈរដ្ឋមន្ត្រី។ ៥- បញ្ហាផ្សេងៗ៕

ព័ត៌មានគួរចាប់អារម្មណ៍

ព្រះចៅស៊ុលតង់ ព្រះមហាក្សត្រប្រ៊ុយណេ យាងចាកចេញពីរាជធានីភ្នំពេញ បន្ទាប់ពីសោយព្រះក្រយាពេលព្រឹក ជាមួយសម្តេចតេជោ ហ៊ុន សែន និងកូនៗ ()

ព័ត៌មានគួរចាប់អារម្មណ៍

ព្រឹកនេះ សម្តេចធិបតី អញ្ជើញសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក កម្មករនិយោជិត បម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ()

ព័ត៌មានគួរចាប់អារម្មណ៍

សេរីភាពសារព័ត៌មាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ ()

ព័ត៌មានគួរចាប់អារម្មណ៍

នៅកម្ពុជាមានអ្នកសារព័ត៌មានចំនួនប្រមាណ ១មុឺននាក់ដែលកំពុងប្រកបវិជ្ជាជីវៈ ()

ព័ត៌មានគួរចាប់អារម្មណ៍

សហព័ន្ធសហជីពកម្ពុជាការពារកូនខ្មែរ ជាសមាជិករបស់ សហភាពសហជីពមរតកជាតិកម្ពុជា សូមគោរពគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ()

វីដែអូ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
837 នាក់
ម្សិលមិញ :
3618 នាក់
សប្តាហ៍នេះ :
5448 នាក់
ខែនេះ :
32074 នាក់
3 ខែនេះ :
71322 នាក់
សរុប :
758366 នាក់