គណបក្សប្រជាជនកម្ពុជា ចេញសេចក្តីថ្លែងការណ៍អបអរសាទរ «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានចុះបញ្ជី ជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ
ភ្នំពេញ៖ គណបក្សប្រជាជនកម្ពុជា នៅយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣នេះ បានចេញសេចក្តីថ្លែងការណ៍ អបអរសាទរ និងកោតសរសើរ ចំពោះរាជរដ្ឋាភិបាលដែលខិតខំតស៊ូ ក្នុងការចុះបញ្ជី «រមណីយដ្ឋានប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ នៅក្នុងកិច្ចប្រជុំលើកទី៤៥ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត នាថ្ងៃ១៧ កញ្ញា ២០២៣។
ក្នុងលិខិតរបស់គណបក្សប្រជាជនកម្ពុជា មានខ្លឹមសារទាំងស្រុងដូច្នេះថា «យើងខ្ញុំទាំងអស់គា្នជាថ្នាក់ដឹកនាំ និងជាសមាជិក សមាជិកានៃគណបក្សប្រជាជនកម្ពុជាទាំងមូល សូមសម្តែងនូវការអបអរសាទរ ប្រកបដោយក្តីរំភើបរីករាយឥតឧបមា និងមានមោទនភាពជាតិខ្ពង់ខ្ពស់បំផុត ដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី ៤៥ នៅទីក្រុងរីយ៉ាដ ប្រទេស អារ៉ាប៊ីសាអូឌីត បានសម្រេចបញ្ចូលរមណីយដ្ឋានប្រាសាទកោះកេរ របស់ខ្មែរ ជាសម្បត្តិបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។
យើងខ្ញុំទាំងអស់គា្ន សូមកោតសរសើរ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅបំផុត ចំពោះរាជរដ្ឋាភិបាល នីតិកាលទី ៦ និងទី៧ នៃរដ្ឋសភា ព្រមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលក្រោមព្រះរាជកិច្ចដឹកនាំគាំទ្ររបស់ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្ដេចព្រះមហាក្សត្រី ព្រះមហាវររាជមាតាជាតិខ្មែរ បានខិតខំតស៊ូព្យាយាមរៀបចំឯកសារសុំចុះបញ្ជីតាំងពីឆ្នាំ២០១៨ រហូតសម្រេចបាននូវលទ្ធផលជាស្ថាពរជូន ជាតិមាតុភូមិនៅពេលនេះ។
ជាមួយគ្នានេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា ក៏សូមសម្តែងនូវអំណរព្រះមហាករុណាទិគុណដ៏ស្មោះ ស្ម័គ្របំផុតថ្វាយដល់ដួងព្រះវិញ្ញាណក្ខន្ធ ព្រះមហាវីរក្សត្រព្រះបរមរតនកោដ្ឋ និងដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះ មហាក្សត្រ ព្រះមហាក្សត្រីយានីខ្មែរគ្រប់ជំនាន់ ព្រមទាំងដួងព្រលឹងបុព្វបុរសខ្មែរ ដែលបានកសាង និងបន្សល់ទុក នូវសម្បត្តិវប្បធម៌ដ៏ល្អឯក និងជាអត្តសញ្ញាណរបស់ជនជាតិខ្មែរ ជូនដល់កូនចៅជំនាន់ក្រោយតរៀងទៅ»៕