សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមិនមែនជាប្រទេសមានខ្លាំង ប៉ុន្តែរាជរដ្ឋាភិបាលមិនមែនខ្វះទឹកចិត្ត ក្នុងការជួយដល់ប្រជាពលរដ្ឋខ្លួនឯងនោះទេ
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែកញ្ញានេះតាមរយៈឆាណែលតេឡេក្រាមផ្លូវការ បានបង្ហោះសារឆ្លើយតបនឹងសំណួររបស់ប្រជាពលរដ្ឋមួយចំនួន ដែលបានចោទសួរថា តើរាជរដ្ឋាភិបាលកម្ពុជា បានគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកយ៉ាងណាទេ?
ឆ្លើយតបនឹងសំណួរនេះ សម្តេចមហាបវរធិបតី បានលើកជាឧទាហរណ៍ជាក់ស្តែងលើកម្មវិធីឧបត្ថម្ភសាច់ប្រាក់ចំនួន៣ ដែលរាជរដ្ឋាភិបាលកំពុងអនុវត្តន៍ ដើម្បីជួយដល់ប្រជាពលរដ្ឋទូទាំងប្រទេស ដែលមានជីវភាពជួបការលំបាក គិតមកត្រឹមថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលចំណាថវិកាអស់ជាង ១២០០លានដុល្លារហើយ ដែលនេះគិតតែកម្មវិធីជំនួយសង្គមតែបីប៉ុណ្ណោះ នៅមានកម្មវិធីផ្សេងៗជាច្រើនទៀត។
សម្តេចនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា កម្ពុជាមិនមែនជាប្រទេសមានខ្លាំង ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមិនមែនខ្វះទឹកចិត្ត ក្នុងការជួយដល់ប្រជាពលរដ្ឋខ្លួនឯងនោះទេ។
សម្តេចនាយករដ្ឋមន្ត្រី បានបង្ហោះសារមានខ្លឹមសារទាំងស្រុងដូច្នេះថា «មានបងប្អូនប្រជាពលរដ្ឋមួយចំនួន បានចោទសួរថាតើ រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដែលមានជីវភាពលំបាកយ៉ាងណាទេ? ខាងក្រោមនេះ គឺជាឧទាហរណ៍នៃរបាយការណ៍ប្រចាំថ្ងៃ ដែលឯកឧត្តមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា បានផ្ញើមកឱ្យខ្ញុំ (សម្រាប់ថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៣)។
នៅក្នុងរបាយការណ៍នេះបានបង្ហាញអំពីទិន្នន័យសាច់ប្រាក់ដែលរាជរដ្ឋាភិបាលបានបញ្ចេញដើម្បីជួយទៅដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ, ស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ ឆ្នាំ និងជូនគ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណា តាមរយៈកម្មវិធីឧបត្ថម្ភសាច់ប្រាក់ចំនួន៣៖
១៖ ឧបត្ថម្ភគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលកូវីដ ១៩ ដែលកម្មវិធីនេះចាប់ផ្ដើមដាក់ឱ្យអនុវត្តចាប់ពី ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ និងបានដំណើរបានអស់រយៈពេល ៣៩ ខែ ។
ប្រជាពលរដ្ឋដែលទទួលបានផលពីកម្មវិធីនេះមានចំនួនសរុប ៤៣៧,៧៣១ គ្រួសារ (ស្មើនឹងប្រជាជនជាង ២លាន៧សែននាក់) ដែលរដ្ឋបានចំណាយថវិកាសរុបចំនួន ៤,៨០៥,៨០១,៦៩៩,០០០រៀល (ឬ ១,១៧២,១៤៦,៧៥៦ ដុល្លា ពោលគឺជិត ១ពាន់២០០លានដុល្លារ)
២៖ ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ ២ឆ្នាំ ដែលត្រូវបានដាក់ឲ្យអនុវត្តចាប់ពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩។ មកទល់ពេលនេះមានស្ត្រីនិងកុមារដែលទទួលផលពីកម្មវិធីនេះ ចំនួន ៣៣៩,៩៧៧នាក់ ចំណែកថវិកាសរុប ១១០,៤០១,២០០,០០០ រៀល (ឬ ២៦,៩២៧,១១២ ដុល្លារ ឬ ជិត ២៧ លានដុល្លារ)
៣៖ ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណា ដែលត្រូវបានដាក់ឱ្យ
អនុវត្តចាប់ពី ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ។ ប្រជាពលរដ្ឋដែលបានទទួលផលពីកម្មវិធីនេះមានចំនួន ៤៩៥,១១៩គ្រួសារ (ស្មើនឹងប្រជាជនជាង ១លាន៨សែននាក់) ហើយរាជរដ្ឋាភិបាលបានចំណាយថវិកាសរុបចំនួន ១៧៣,៩០០,០២១,២០០រៀល (ឬ ៤២,៤១៤,៦៣៩ ដុល្លារ)
ដូច្នេះគិតត្រឹមថ្ងៃទី ២៨ ខែកញ្ញា ២០២៣
កម្មវិធីទាំងបីផ្ដល់អត្ថប្រយោជន៍ ចំពោះគ្រួសារប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ចំនួនជាង ២លាន៧សែននាក់ (ឬ ៤៣៧,៧៣១ គ្រួសារ), ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ ឆ្នាំ ចំនួន ៣៣៩,៩៧៧នាក់ និង គ្រួសារងាយរងហានិភ័យដោយសម្ពាធអតិផរណា ចំនួនជាង ១លាន៨សែននាក់ (ឬ ៤៩៥,១១៩គ្រួសារ) ដែលបានចំណាយទឹកប្រាក់សរុបចំនួន ៥,០៩០,១០២,៩០២,២០០រៀល (ឬ ១,២៤១,៤៨៨,៥១៧ដុល្លា ឬជាង ១ពាន់ ២រយលានដុល្លារ)។
ខាងលើនេះ គឺគិតចំពោះកម្មវិធីឧបត្ថម្ភសាច់ប្រាក់តែចំនួនបីប៉ុណ្ណោះ។ ក្រៅពីកម្មវិធីទាំងបីនេះ រាជរដ្ឋាភិបាលក៏មានគោលនយោបាយផ្សេងទៀតជាច្រើន សម្រាប់ជួយដល់ប្រជាពលរដ្ឋខ្មែរ គ្រប់ស្រទាប់វណ្ណៈ ក្នុងគ្រប់វិស័យ នៅទូទាំងប្រទេស។ កម្ពុជាមិនមែនជាប្រទេសមានខ្លាំង ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាមិនមែនខ្វះទឹកចិត្ត ក្នុងការជួយដល់ប្រជាពលរដ្ឋខ្លួនឯងនោះទេ»៕