អភិបាលខេត្តត្បូងឃ្មុំ ដាក់បទបញ្ជាដល់អភិបាលក្រុង-ស្រុកទាំង៧ និងសមត្ថកិច្ចបញ្ឈប់ល្បែងសុីសងគ្រប់ប្រភេទ
ខេត្តត្បូងឃ្មុំ៖ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលនៃគណអភិបាលខេត្តត្បូងឃ្មុំ និងក្នុងនាមជាប្រធានគណៈបញ្ហាការឯកភាពខេត្ត បានណែនាំដល់ អភិបាលក្រុង ស្រុកទាំង ៧ កងកម្លាំងមានសមត្ថកិច្ច ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវសហការគ្នាបញ្ឈប់ឱ្យខានតែបាន នូវរាល់ល្បែងស៊ីសងដូចជា ឆ្នោតឡូតូ ល្បែងផ្សងសំណាង និងបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ត្រូវចាត់វិធានការចាប់ និងបិទឲ្យអស់ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំទាំងមូល ។
ឯកឧត្តមបញ្ជាក់ថា ដើម្បីរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុខសុវត្ថិភាពសង្គម និងជំរុញការអនុវត្តច្បាប់ ស្របតាមគោលការណ៍នីតិរដ្ឋ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ធានាបានសុខសន្តិភាព ការអភិវឌ្ឍន៍ និងបានចូលរួមលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឲ្យមានការរីកចម្រើន ស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណរបស់ រាជរដ្ឋាភិបាលកម្ពុជា និងដោយមានការយកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព និងធ្វើការបង្ក្រាបរាល់បទល្មើសជាប្រចាំ ធ្វើឲ្យប្រជាពលរដ្ឋមានជំនឿទុកចិត្តមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធផងដែរ។
បទបញ្ជានេះធ្វើឡើងក្នុងឪកាសដែល ឯកឧត្តមអភិបាលខេត្ត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សា ស្តីពីការបញ្ឈប់ ការអនុញ្ញាតបើកអាជីវកម្មឆ្នោតឡូតូ ល្បែងផ្សងសំណាង និងបង្រ្កាបរាល់ល្បែងស៊ីសងខុសច្បាប់ គ្មានការអនុញ្ញាតគ្រប់ប្រភេទ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់ពីអភិបាលរងខេត្ត សាលាដំបូងខេត្ត នាយក-នាយករងរដ្ឋបាលសាលាខេត្ត ស្នងការ-ស្នងការរង នគរបាលខេត្ត មេបញ្ជាការ-មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ប្រធាន-អនុប្រធាន មន្ទីរអង្គភាព ពាក់ព័ន្ធជុំវិញខេត្ត អភិបាល-អភិបាលរង ក្រុង/ស្រុក អធិការ-អធិការរង កម្លាំងកងរាជអាវុធហត្ថ ក្រុង/ស្រុក ទាំង ៧ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត។
សូមរម្លឹកផងដែរថា ថ្មីៗនេះប្រជាពលរដ្ឋបានរាយការណ៍មកអង្គភាពសារព័ត៌ “ភ្នំពេញដេលី” Sapormean Phnom Penh Daily ជាបន្តបន្ទាប់ដោយអះអាងថា នៅក្នុងភូមិសាស្រ្តស្រុកមួយចំនួនក្នុងខេត្តត្បូងឃ្មុំ មានការបើកទីតាំងល្បែងស៊ីសងខុសច្បាប់ដូចជា បញ្ជាល់មាន់ បៀ និងអាប៉ោងជាដើម និងត្រូវបានសមត្ថកិច្ចចុះធ្វើការបង្ក្រាបជាហូរហែ ប៉ុន្តែក្រុមអ្នកញៀនល្បែងទាំងនោះ នូវតែអាចលួចលាក់បើកដំណើរការលេងយ៉ាងរលូន។
ដូច្នេះសង្ឃឹមថា បទបញ្ជារបស់អភិបាលខេត្តត្បូងឃ្មុំនាពេលនេះនឹងមានប្រសិទ្ធភាពក្នុងការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទទាំងមានច្បាប់ និងអត់ច្បាប់ឲ្យអស់ចាប់ពីថ្ងៃនេះតទៅ និងមានប្រសិទ្ធភាពបំផុត និងមិនឲ្យកើតមានតទៅទៀតជាដាច់ខាត៕