រដ្ឋបាលក្រុងព្រះសីហនុជូនដំណឹងស្តីពីការប្រមូលថ្លៃសេវាដឹកជញ្ជូនសំរាម សំណល់រឹងទីប្រជុំជន
ខេត្តព្រះសីហនុ៖ រដ្ឋបាលក្រុងព្រះសីហនុបានចេញសេចក្តីជូនដំណឹងនៃការប្រមូលថ្លៃសេវាដឹកជញ្ជូនសំរាម សំណល់រឹងទីប្រជុំជននៅក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ សូមជម្រាបជូនដំណឹងដល់សាធារណជនទាំងអស់ជ្រាបថាក្រុមហ៊ុន ខេអេសដាប់បែលយូអ៊ឹម ឯ.ក (KSWM Co.,LTD) នឹងពុំត្រូវបានអនុញ្ញាតឱ្យធ្វើការប្រមូលថ្លៃសេវាកម្មដឹកជញ្ជួនសំរាម សំណល់រឹងទីប្រជុំជន ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ នេះតទៅ។
ចាប់ពីថ្ងៃកំណត់ខាងលើបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវធ្វើការបង់ថ្លៃសេវាកម្មដឹកជញ្ជូនសំរាមសំណល់រឹងទីប្រជុំជនមក រដ្ឋបាលក្រុងព្រះសីហនុ ដោយផ្ទាល់ តាមរយៈទី១. បញ្ហាបង់ប្រាក់ថ្លៃសេវាដឹកជញ្ជូនសំរាម សំណល់រឹងទីប្រជុំជន នៅសាលាក្រុងព្រះសីហនុ ដែលមានអាសយដ្ឋានៈ នៅវិថីមិត្តភាព ភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ទី២. ភ្នាក់ងារប្រមូលថ្លៃសេវាដឹកជញ្ជូនសំរាម សំណល់រឹងទីប្រជុំជន ដែលមានការទទួលស្គាល់ជាផ្លូវការដោយរដ្ឋបាលក្រុងព្រះសីហនុ (ប័ណ្ណសម្គាល់ខ្លួន និងឯកសណ្ឋាន)។និងទី៣. ទូទាត់តាមរយៈធនាគារ(ឈ្មោះ និងលេខគណនីធនាគារ រដ្ឋបាលក្រុងនឹងជូនដំណឹងពេលក្រោយ)។ចំពោះការបង់ថ្លៃសេវាកម្មដឹកជញ្ជូនសំរាម សំណល់រឹងទីប្រជុំជន ត្រូវអនុវត្តតាមតម្លៃសេវារបស់ក្រុមហ៊ុនKSWM ដែលបានអនុវត្តនាពេលកន្លងមក។
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកសាលាក្រុងព្រះសីហនុ លេខទូរស័ព្ទ ០៨៧ ៦៦០ ០៥៥០៦១ ៨០៧ ៨០៨ ឬតេលេក្រាម “ព័ត៌មានគ្រប់គ្រងសំរាមក្រុងព្រះសីហនុ” t.me/+kWFYtXoEIh03Yjhlទទួលបានសេចក្ដីជូនដំណឹងនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាប និងអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់៕