សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតអបអរសាទរលោក ពូទីន ដែលជាប់ឆ្នោតជាប្រធានាធិបតីសហព័ន្ធរុស្សីជាថ្មី
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ញើសារលិខិតផ្លូវការអបអរសាទរ និងជូនពរទៅកាន់លោក វ្ល៉ាឌីមៀ ពូទីន ក្នុងឱកាសជាប់ឆ្នោតជាថ្មីជាប្រធានាធិបតីនៃសហព័ន្ធរុស្សីសម្រាប់អាណត្តិទី៥។
ក្នុងសារលិខិតនៅថ្ងៃទី១៩ ខែមីនានេះ សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជាបានគូសបញ្ជាក់ថា កម្ពុជាវាយតម្លៃខ្ពស់ និងរីករាយសាទរយ៉ាងជ្រាលជ្រៅចំពោះចំណងមិត្តភាពជាប្រពៃណី និង ស្និទ្ធស្នាលជាមួយសហព័ន្ធរុស្ស៊ីដែលត្រូវបានបង្កើតឡើង ក្នុងស្មារតីនៃការគោរព និងការយោគយល់គ្នា ការប្រកាន់គុណតម្លៃរួមគ្នា និងផលប្រយោជន៍រួម។
ក្នុងលិខិតដដែល សម្តេចតេជោបានបញ្ជាក់ថាអស់រយៈពេលជិតប្រាំពីរទស្សវត្សកន្លងមកនេះ ប្រទេសយើងទាំងពីរបានរក្សានូវទំនុកចិត្តនយោបាយទៅវិញទៅមក ដែលជាមូលដ្ឋានគ្រឹះនៃការគាំទ្រដល់ទំនាក់ទំនងរវាងរដ្ឋយើង ហើយបានសាយភាយយ៉ាងទូលំទូលាយទៅគ្រប់វិស័យនៃកិច្ចសហប្រតិបត្តិការ។
ក្នុងតួនាទីជាប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចបានបញ្ជាក់អំពីការត្រៀមខ្លួន ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក វ្ល៉ាឌីមៀ ពូទីន និងសហការី ដើម្បីលើកកម្ពស់ទំនាក់ទំនងរវាងគណបក្សកាន់អំណាច និងស្ថាប័នរដ្ឋដើម្បីជាឧត្តមប្រយោជន៍រួម សម្រាប់ប្រជាជាតិ និងប្រជាជន៕