ភ្នំពេញ៖ ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាថ្ងៃទី ១ ខែមីនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ពិធីចុះហត្ថលេខាលើ «អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ លើការរៀបចំ ប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធើណិត និងការដាក់ឱ្យប្រើថ្នាល ឬសេវារដ្ឋាភិបាលឌីជីថល» ។ការចុះអនុស្សរណៈ នៃការយោគយល់គ្នានេះ ធ្វើឡើងក្នុងគោលបំណងជំរុញ ការធ្វើបរិវត្តកម្មលើរំហូរការងារផ្ទៃក្នុងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី តាមរយៈការរៀបចំប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធើណិត ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលជាឃ្នាស់ព្រមទាំងការដាក់ឱ្យប្រើប្រាស់ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh និង ថ្នាល ឬសេវារដ្ឋាភិបាលឌីជីថលថ្មីៗ ដែលអភិវឌ្ឍន៍ដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) ស្របតាមគោលនយោបាយ រដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ និងបញ្ចកោណទី៥ នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍន៍ដោយ ក.ប.ទ. និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណង លុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ នៃឯកសារតាមរយៈការស្កេន QR Code ស្តង់ដារលើសន្លឹកឯកសារ ដោយមិនតម្រូវឱ្យមាន ការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។ ជាពិសេសនៅក្នុងអំឡុងពេល នៃកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន លើកទី៤ ឆ្នាំ២០២៤នេះ ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh ក៏ទើបទទួលបានមេដាយមាស ពីកម្មវិធីពានរង្វាន់ឌីជីថលអាស៊ាន ឆ្នាំ២០២៤ ដោយយកឈ្នះលើថ្នាលឌីជីថល របស់ប្រទេសថៃ និងប្រទេសសិង្ហបុរី។នៅក្នុងកម្មវិធីដ៏សំខាន់នេះ ឧបនាយករដ្ឋមន្រ្តី វង្សី វិស្សុតបានលើកឡើងថា ការចុះអនុស្សរណៈ នៃការយោគយល់គ្នានេះ គឺជានិមិត្តរូបបង្ហាញ ពីការប្តេជ្ញារួមសហការរវាងក្រសួង-ស្ថាប័នទាំងពីរ ក្នុងការជំរុញបរិវត្តកម្មឌីជីថល នៅទីស្ដីការគណៈរដ្ឋមន្ត្រី និងការរួមចំណែក កសាងរដ្ឋាភិបាលឌីជីថល ដែលជាទិសដៅយុទ្ធសាស្ត្រ និងជារបៀបវារៈគោលនយោបាយដ៏សំខាន់ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បច្ចុប្បន្ននេះ សក្តានុពលនៃបច្ចេកវិទ្យា បានក្លាយជាកាតាលីករយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងត្រូវ បានចាត់ទុកជាឧបករណ៍ស្នូលសម្រាប់ ការដោះស្រាយបញ្ហានានា ជាពិសេសពាក់ព័ន្ធ នឹងការជំរុញកំណើន សេដ្ឋកិច្ច ព្រមទាំងការលើកកម្ពស់ភាពធន់ ចីរភាព និងបរិយាបន្នក្នុងសង្គម។ ដូចគ្នានេះដែរ សង្គម-សេដ្ឋកិច្ចកម្ពុជាអាចទាញយកប្រយោជន៍ជាច្រើនថែមទៀតពីការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗទាំងនេះ។ឧបនាយករដ្ឋមន្រ្តី វង្សី វិស្សុត ក៏បានកោតសរសើរ និងថ្លែងអំណរគុណ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃទីស្ដីការគណៈរដ្ឋមន្តី និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដែលបានសហការ និងខិតខំប្រឹងប្រែងរហូតសម្រេចបាននូវសមិទ្ធផលនេះ ដែលជាការរួបរួមគ្នាយ៉ាងមោះមុត រវាងក្រសួងស្ថាប័នទាំងពីរ ក្នុងការជំរុញបរិវត្តកម្មឌីជីថលនៅទីស្តីការគណៈរដ្ឋមន្តី និង រួមចំណែកកសាងរដ្ឋាភិបាលឌីជីថល ស្របតាមគោលនយោបាយជាអាទិភាពរបស់រាជរដ្ឋាភិបាល តាមរយៈការធ្វើឌីជីថលភាវូបនីយកម្មកិច្ចការសាធារណៈរបស់រដ្ឋ ដើម្បីពង្រឹងប្រសិទ្ធភាពការងារ និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ។ជាមួយគ្នានេះ ឧបនាយករដ្ឋមន្រ្តី វង្សី វិស្សុត ក៏បានបញ្ជាក់ផងដែរថា ក្នុងនាមជាសេនាធិការ របស់រាជរដ្ឋាភិបាល ទីស្តីការគណៈរដ្ឋមន្ត្រី មិនរារែកក្នុងការចាប់យក បច្ចេកវិទ្យាឌីជីថលឡើយ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងដើម្បីគាំទ្រដល់តម្រូវការ របស់រាជរដ្ឋាភិបាល និងសង្គមកម្ពុជា ដែលកំពុងវិវត្តទៅមុខយ៉ាងឆាប់រហ័សនេះ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក ស្រុង វ៉ាន់ណូ ក្នុងនាមជាថ្នាក់ដឹកនាំ សមាជិក សមាជិការ នៃ សហព័ន្ធ សហជីព កម្ពុជា ការពារ កូនខ្មែរ ទូទាំង រាជធានី /ខេត្ត ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ()
ប្រធានរដ្ឋសភាជាតិឡាវលៀងសាយភោជន៍ផ្លូវការជូនសម្តេចតេជោនិងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំសួនឧស្សាហកម្មស្វាយចន្ទី ()
សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញមកដល់កម្ពុជាវិញ ប្រកបដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចរយៈពេល ២ថ្ងៃនៅប្រទេសឡាវ ()
លោកឧកញ៉ា អុឹង ឆហៀង (ហៅ សៀ )និងក្រុមគ្រួសារ ព្រមទាំងសហការី បាននាំយកបាយ ម្ហូប ទឹកសុទ្ឌចំនួន300 កញ្ចប់ចែកជូនអ្នកជំងឺ ()
វីដែអូ
ចំនួនអ្នកទស្សនា