ភ្នំពេញ៖ រដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ បានបើកសម័យប្រជុំរដ្ឋសភា លើកទី២ នីតិកាលទី៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដោយមានរបៀបវារៈចំនួន២ ក្នុងនោះទី១៖ ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ និង ទី២៖ របាយការណ៍លទ្ធផលការងាររដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១ និងលើកទី២ ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ មីនា ឆ្នាំ២០២៤។ក្នុងព្រះរាជសារ ផ្ញើជូនសម័យប្រជុំរដ្ឋសភា ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានសម្តែងព្រះរាជហឫទ័យសោមនស្សរីករាយក្រៃលែង ដោយបានគូសបញ្ជាក់ថា សម្តេចមហារដ្ឋសភាធិការធិបតី ប្រធានរដ្ឋសភា ជាស្ត្រីឆ្នើម មានស្មារតីមោះមុត ដឹកនាំស្ថាប័នរដ្ឋសភា ក្នុងការបំពេញមុខងារស្នូលទាំងបី រួមមាន ការងារនីតិកម្ម ការងារតាមដានការអនុវត្តច្បាប់និងគោលនយោបាយ និងមុខងារជាតំណាង ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងគិតគូរដល់ឧត្តមប្រយោជន៍ជាតិជាធំ។ព្រះករុណាជាអម្ចាស់បានវាយតម្លៃខ្ពស់ចំពោះសមាជិក សមាជិការដ្ឋសភាទាំងអស់នៃនីតិកាលទី៧ ជាឥស្សរជនឆ្នើមដែលមានស្នាដៃ និងបទពិសោធន៍ល្អៗយ៉ាងសម្បូរបែប ក្នុងការដឹកនាំព្រះរាជាណាចក្រកម្ពុជានៃយើងឆ្ពោះទៅរកវឌ្ឍនភាព វិបុលភាព និងសុខដុមរមនា។អង្គព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលបន្តថា រដ្ឋសភានីតិកាលទី៧ ត្រូវបានប្រសូតឡើងចេញពីការបោះឆ្នោតប្រកបដោយសេរី យុត្តិធម៌ ត្រឹមត្រូវ និងតម្លាភាព ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដែលមានគណបក្សចំនួន១៨ បានចូលរួមប្រកួតប្រជែង និងមានគណបក្សចំនួន២ ទទួលបានអាសនៈក្នុងរដ្ឋសភា គឺគណបក្សប្រជាជនកម្ពុជាទទួលបាន ១២០ អាសនៈ និងគណបក្សហ្វុនស៊ិនប៉ិចទទួលបាន ៥ អាសនៈ ដោយបង្កើតបានរដ្ឋសភានីតិកាលទី៧ (២០២៣-២០២៨) ដឹកនាំដោយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ជាស្រ្តីទី១ ក្នុងប្រវត្តិសាស្រ្តកម្ពុជាដែលទទួលបានដំណែងដ៏ឧត្តុង្គឧត្តមនេះ។ក្នុងព្រះរាជសារផ្ញើជូនរដ្ឋសភាក្នុងឱកាសបើកសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧នេះ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក៏បានកោតសរសើរ ដល់ការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែរ។ព្រះករុណា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជអង្គការថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតជាថ្នាក់ដឹកនាំវ័យក្មេង ប្រកបដោយថាមវន្ត វាងវៃ និងមោះមុត បន្តវេនពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសទទួលបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ការអភិវឌ្ឍលើគ្រប់វិស័យ និងមានកិត្យានុភាពខ្ពស់លើឆាកអន្តរជាតិ។ព្រះរាជសារជូនរដ្ឋសភាបានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានថ្នាក់ដឹកនាំជាយុវជនវ័យក្មេង ប្រកបដោយចំណេះដឹង ឆន្ទៈមោះមុតនិងការប្តេជ្ញាចិត្តខ្ពស់ បានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ និងគោលនយោបាយសំខាន់ៗ ជាពិសេសគោលនយោបាយជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា និងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ដើម្បីលើកកម្ពស់សេដ្ឋកិច្ចជាតិនិងការអភិវឌ្ឍប្រកបដោយចីរភាព។សូមជម្រាបថា ព្រះរាជសារ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជូនសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ ត្រូវបានអានជូនអង្គសភាដោយ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ។ ចំណែករបាយការណ៍លទ្ធផលការងាររដ្ឋសភាចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១ និងលើកទី២ ត្រូវបានអានជូនអង្គសភាដោយ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា