(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងលោកអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង នាយនគរបាលជាតិខ្ពស់ថ្នាក់ឧត្តមសេនីយ៍ ចំនួន៥រូប និងដឹកនាំកិច្ចប្រជុំប្រចាំខែ និងផ្សព្វផ្សាយសភាពការណ៍ថ្មីៗ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ។ថ្លែងក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ស ថេត បានចូលរួមអបអរសាទរចំពោះនាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ដែលទទួលបានសេចក្ដីទុកចិត្ត និងការតែងតាំងមុខតំណែង ហើយប្រកាសចូលកាន់តំណែងជាផ្លូវការនៅពេលនេះ។ នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា នាយនគរបាលដែលទើបប្រកាសចូលកាន់តំណែង ត្រូវបន្ដខិតខំប្រឹងប្រែង បំពេញមុខងារទៅតាមតួនាទី ភារកិច្ចប្រកបដោយការទទួលខុសត្រូវ និងរក្សាសាមគ្គីភាពផ្ទៃក្នុងឲ្យបានល្អ។នាយឧត្តមសេនីយ៍ ស ថេត បានកត់សម្គាល់នូវសមិទ្ធផលសំខាន់ៗមួយចំនួន ដែលកងកម្លាំងនគរបាលសម្រេចបានដោយជោគជ័យ នាពេលកន្លងមក រួមមាន រក្សាបាននូវសន្ដិភាព បូរណភាពទឹក និងអធិបតេយ្យជាតិដោយបានចូលរួមគ្រប់កាលៈទេសៈ និងធានាបាននូសន្ដិសុខផ្ទៃក្នុង សុវត្ថិភាពស្ថាប័នកំពូលៗរបស់ជាតិ និងបញ្ចៀសបាននូវអំពើភេរវកម្ម ដែលជាក្ដីកង្វល់របស់ពិភពលោកទាំងមូល។បន្ថែមពីនេះ កម្លាំងនគរបាលរក្សាបាននូវសុវត្ថិភាពទាំងស្រុង ថ្វាយព្រះមហាក្សត្រ ឥស្សរជនជាន់ខ្ពស់ជាតិ និងអន្ដរជាតិ ដែលអញ្ជើញមកបំពេញបេសកកម្មនៅកម្ពុជា ក្នុងនោះព្រឹត្តិការណ៍ជាតិ និងអន្ដរជាតិ ប្រារព្ធនៅកម្ពុជាដល់១០២០លើក ធានាបានគ្រប់ព្រឹត្តិការណ៍ទាំងអស់ និងរក្សាបាននូវសន្ដិសុខ សណ្ដាប់ធ្នាប់ ការប្រមូលផ្ដុំផ្សេងៗទាំងនៅរាជធានីភ្នំពេញ និងខេត្តមួយចំនួន ព្រមទាំងការប្រឆាំងការសម្អាតប្រាក់ហិរញ្ញប្បទានភេរវកម្ម។ ដោយឡែក ពាក់ព័ន្ធបទល្មើសបច្ចេកវិទ្យាវិញ ត្រូវបង្កើនជំនាញដល់មន្ដ្រីនគរបាលជាតិ ខណៈបទល្មើសកាន់តែទំនើប និងមានល្បិចកលខ្ពស់។នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក៏បានដាក់ចេញការណែនាំមួយចំនួនដែលជាទិសដៅការងារបន្ដ ទៅកាន់បណ្ដាអង្គភាព នាយកដ្ឋាន និងស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ទាំងអស់ ត្រូវបន្ដផ្ដោតយកចិត្តទុកដាក់ក្នុងការបំពេញការងារ ដើម្បីធានាដល់ប្រសិទ្ធភាពខ្ពស់ ពិសេសទប់ស្កាត់ និងបង្ការបទល្មើសគ្រប់ប្រភេទ ពិសេសករណីក្មេងទំនើង។ នាយឧត្តមសេនីយ៍ បានកត់សម្គាល់ថា កន្លងទៅនេះក៏មានមតិមួយចំនួនបានតិះទៀនដល់បុគ្គលនគរបាល ដែលជះឥទ្ធិពលមិនល្អដល់ស្ថាប័នអគ្គស្នងការដ្ឋាននគរបាលជាតិទាំងមូល ដោយបញ្ហាទាំងអស់នេះត្រូវតែលុបបំបាត់ និងកែប្រែរាល់អ្វីដែលជាចំណុចខ្វះខាត។នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ បានណែនាំឲ្យបន្ដពង្រឹងយន្ដការប្រចាំបញ្ជា និងប្រព័ន្ធទូរស័ព្ទទាន់ហេតុការណ៍ ដើម្បីអន្ដរាគមន៍ដោះស្រាយសំណូមពររបស់ពលរដ្ឋ ព្រមទាំងថែបំប៉នកម្លាំងអន្ដរាគមន៍ឲ្យបានរឹងមាំ មានវិន័យកងជួរ សំដៅត្រៀមដោះស្រាយហេតុការណ៍ជាយថាហេតុ។ ទន្ទឹមនោះ ត្រូវខិតខំលើកកម្ពស់ប្រសិទ្ធភាពការងាររបស់ក្រុមប្រតិកម្មរហ័ស ដើម្បីឆ្លើយតបនឹងសំណូមពរ ឬមតិរិះគន់របស់សាធារណៈជនបានទាន់ពេលវេលា សំដៅការពារនូវកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់កងកម្លាំងនគរបាលជាតិ។សូមជម្រាបថា នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ ចំនួន៥រូប ដែលត្រូវប្រកាសតែងតាំងមុខតំណែងនោះរួមមាន៖*ទី១៖ លោកឧត្តមសេនីយ៍ឯក ស៊ូ សុផាន ជាប្រធានសេនាធិការដ្ឋាន*ទី២៖ លោកស្រីឧត្តមសេនីយ៍ឯក លឹម សុវណ្ណា អនុប្រធានសេនាធិការដ្ឋាន*ទី៣៖ លោកឧត្តមសេនីយ៍ឯក ឆន ឡាឌី ជាប្រធាននាយកដ្ឋានសន្ដិសុខផ្ទៃក្នុង*ទី៤៖ លោកឧត្តមសេនីយ៍ទោ ចេង ហុង ជាប្រធាននាយកដ្ឋានវិទ្យុទាក់ទង*ទី៥៖ លោកឧត្តមសេនីយ៍ត្រី កើត ដារ៉ាស៉ី ជាអនុប្រធាននាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច៕
ព័ត៌មានគួរចាប់អារម្មណ៍
ទំព័រដើម ព័ត៌មានជាតិ ព័ត៏មានអន្តរជាតិ ព័ត៌មានសន្តិសុខសង្គម ព័ត៌មានស៊ើបអង្កេត ព័ត៌មានថ្មីបំផុត ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ **|** ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត ផ្ញើសារលិខិតគោរពជូនពរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងឱកាសចម្រើនជន្មាយុ ()
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រៀបចំពិធីលៀងសាយភោជន ជូននាយករដ្ឋមន្ត្រីឡាវ និងគណៈប្រតិភូ ()
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចែករំលែកបទពិសោធន៍សន្តិភាពរបស់កម្ពុជា ()
ព្រឹកនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញបើកកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ទឹកដីកម្ពុជា ធ្លាប់ជាវាលមីន ឥឡូវក្លាយជាដីមានជីជាតិ សម្រាប់ធ្វើកសិកម្ម ()
វីដែអូ
ចំនួនអ្នកទស្សនា