ខេត្តសៀមរាប៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំឱ្យឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ត្រូវពិនិត្យមើលបញ្ហាដែលអ្នកសារព័ត៌មានមួយចំនួនតូច កំពុងប្រព្រឹត្តខុសវិជ្ជាជីវៈ និងក្រមសីលធម៌ ដែលបានធ្វើប៉ះពាល់ដល់កិត្តិយសអ្នកសារព័ត៌មានត្រឹមត្រូវ ដើម្បីតែផលប្រយោជន៍ផ្ទាល់ខ្លួន ហើយបើរកឃើញមានកំហុស ត្រូវឈានទៅលុបអាជ្ញាបណ្ណចោល និងដាក់ចូលទៅក្នុងបញ្ជីខ្មៅ។ការណែនាំនេះរបស់សម្តេចធិបតី ក្រោយគេសង្កេតឃើញថា អ្នកសារព័ត៌មានមួយចំនួនតែងតែប្រើប្រាស់អាជីពជាអ្នកកាសែត ដើម្បីទៅជំរិត ឬគម្រាមកំហែងទារប្រាក់ពីគេ ជាថ្នូរនឹងការមិនចុះផ្សាយព័ត៌មានអ្វីមួយ ដែលករណីនេះ គឺជាប្រពឹត្តិខុសទៅនឹងក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន។ការថ្លែងរបស់សម្តេចធិបតី បានធ្វើឡើងក្នុងឱកាសដែលសម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាព ក្នុងពិធីបញ្ចុះបឋមសិលាសាងសង់សារមន្ទីរ សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម ក្នុងបរិវេណវត្តរាជបូណ៌ ស្ថិតនៅសង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៨ កក្កដា ២០២៤។សម្តេចធិបតី បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំឱ្យបងប្អូនប្រកាន់ក្រមសីលធម៌ ហើយខ្ញុំឱ្យឯកឧត្តម នេត្រ ភក្រ្តា មើលកិច្ចការងារនេះឱ្យច្បាស់ កុំឱ្យអ្នកកាសែតម្នាក់ ពីរនាក់ បួន ដប់នាក់ ទៅបំផ្លាញកិត្តិយស សេចក្តីថ្លៃថ្នូររបស់អ្នកសារព័ត៌មានយើង រាប់ម៉ឺននាក់ ព្រោះបងប្អូនមានក្រមសីលធម៌ បងប្អូនខំធ្វើដោយសុទ្ធចិត្ត ពេលខ្លះបងប្អូនធ្វើដោយច្រលំ គាត់កែ តែអ្នកខ្លះអត់ទេ គឺយកអាហ្នឹងជាអាជីពទៅគាបគេ ឯកឧត្តម នេត្រ ភក្រ្តា ប្រសិនបើមានបញ្ហាប៉ុណ្ណឹង ដកអាជ្ញាបណ្ណ ហើយដាក់ចូលទៅក្នុងបញ្ជីខ្មៅ មិនបាច់ឱ្យធ្វើទៀតទេ បើគាត់យកអាជ្ញាបណ្ណហ្នឹងយកទៅគាបគេ ដកអាជ្ញាបណ្ណចោលតែម្តង ឈប់ឱ្យធ្វើជាអ្នកកាសែតទៀតទៅ»។សម្តេចបានអំពាវនាវដល់អ្នកសារព័ត៌មានទាំងអស់ អនុវត្តសិទ្ធិ គោរពក្រមសីលធម៌ និងត្រូវផ្សាយនូវព័ត៌មានពិត ទោះបីជាព័ត៌មានល្អ ឬមិនល្អក៏ដោយ ដើម្បីងាយស្រួលក្នុងការរាជរដ្ឋាភិបាលរកវិធីដោះស្រាយ។ ជាមួយគ្នានេះ សម្តេចក៏បានអំពាវនាវអ្នកដែលប្រើប្រាស់បណ្តាញសង្គម និងអ្នកសារព័ត៌មាន សូមផ្សាយព័ត៌មានដោយមានការទទួលខុសត្រូវ និងកុំផ្សាយព័ត៌មានក្លែងក្លាយ ក្នុងចេតនាចង់កេងចំណេញនយោបាយ ឬអ្វីមួយ ព្រោះព័ត៌មានក្លែងក្លាយបំពុលសង្គមនេះ បានធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាច ព្រួយបារម្ភ មានអារម្មណ៍នឹងនរ និងបង្កគ្រោះថ្នាក់ដល់សង្គមជាតិ។ មិនថាតែកម្ពុជាទេ ដែលព្រួយបារម្ភពីព័ត៌មានក្លែងក្លាយ សូម្បីបណ្តាប្រទេសក្នុងទ្វីប អឺរ៉ុប អាមេរិក កាណាដា អេស្ប៉ាញ ក៏បារម្ភពីបញ្ហានេះផងដែរ៕
ព័ត៌មានគួរចាប់អារម្មណ៍
លោក ស្រុង វ៉ាន់ណូ ក្នុងនាមជាថ្នាក់ដឹកនាំ សមាជិក សមាជិការ នៃ សហព័ន្ធ សហជីព កម្ពុជា ការពារ កូនខ្មែរ ទូទាំង រាជធានី /ខេត្ត ចេញញត្តិថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះគម្រោងវាយប្រហារដោយដ្រូន ចូលភូមិគ្រឹះរបស់សម្តេចតេជោ ហ៊ុន សែន ()
ប្រធានរដ្ឋសភាជាតិឡាវលៀងសាយភោជន៍ផ្លូវការជូនសម្តេចតេជោនិងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ()
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំសួនឧស្សាហកម្មស្វាយចន្ទី ()
សម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញមកដល់កម្ពុជាវិញ ប្រកបដោយសុវត្ថិភាព ក្រោយបញ្ចប់ទស្សនកិច្ចរយៈពេល ២ថ្ងៃនៅប្រទេសឡាវ ()
លោកឧកញ៉ា អុឹង ឆហៀង (ហៅ សៀ )និងក្រុមគ្រួសារ ព្រមទាំងសហការី បាននាំយកបាយ ម្ហូប ទឹកសុទ្ឌចំនួន300 កញ្ចប់ចែកជូនអ្នកជំងឺ ()
វីដែអូ
ចំនួនអ្នកទស្សនា