ខេត្តព្រៃវែង៖ ក្នុងពិធីសំណេះសំណាល និងផ្ដល់អំណោយលើកទឹកចិត្តដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ថា អាជ្ញាធរ និងកងកម្លាំងទាំងអស់ មិនត្រូវមើលស្រាលចំពោះសភាពការណ៍ក្នុងសង្គម ជាពិសេសការព្យាយាមបង្កាត់ភ្លើងពីសំណាក់ក្រុមប្រឆាំងក្រៅច្បាប់។ប្រមុខក្រសួងមហាផ្ទៃកម្ពុជា បានលើកយកករណីប៉ុនប៉ងធ្វើកុបកម្មរបស់ក្រុមប្រឆាំងកាលពីថ្ងៃទី១៨ សីហា មកពន្យល់ដោយបដិសេធចំៗចំពោះការលើកឡើងពីបុគ្គលមួយចំនួន ដែលទៅដើរនិយាយថា រាជរដ្ឋាភិបាល ហាក់ដូចជាត្រៀមលក្ខណៈជ្រុលហួសហេតុពេកចំពោះព្រឹត្តិការណ៍នេះ។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ការមើលស្រាលសភាពការណ៍ នឹងផ្ដល់លទ្ធផលអាក្រក់ មិនខុសពីអ្វីដែលបាននឹងកំពុងកើតឡើងនៅប្រទេសបង់ក្លាដេស នោះទេ។ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបន្ថែមទៀតថា ព្រឹត្តិការណ៍ ១៨ សីហា ក្រុមជ្រុលនិយម បានបង្វែពីការធ្វើបាតុកម្មជំទាស់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ ទៅជាការបំផុសចលនាផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ដោយផ្សព្វផ្សាយឱ្យយុវជន និងអ្នកមាននិន្នាការមិនពេញចិត្តរាជរដ្ឋាភិបាល ធ្វើដំណើរមកជួបជុំគ្នានៅរាជធានីភ្នំពេញ រហូតមានមនុស្សមួយចំនួនតូច ត្រូវសមត្ថកិច្ចចាប់ខ្លួន និងរកឃើញភស្តុតាង ដូចជា៖ អាវុធកែច្នៃ ដបសាំង និងបណ្ដាញទំនាក់ទំនងធ្វើសកម្មភាព។ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានថ្លែងអំណរគុណដល់អាជ្ញាធរ និងកងកម្លាំង នៃរដ្ឋបាលខេត្តព្រៃវែង ដែលអនុវត្តផែនការការពារសន្តិសុខបានយ៉ាងល្អប្រសើរ រួមចំណែកជាមួយរាជរដ្ឋាភិបាល ទប់ស្កាត់ដោយជោគជ័យការប៉ុនប៉ងធ្វើកុបកម្មរបស់ក្រុមជ្រុលនិយម។ ដើម្បីជាការលើកទឹកចិត្ត ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានឧបត្ថម្ភអង្ករ ចំនួន ១០តោន មី ចំនួន ៥០កេសធំ ត្រីខកំប៉ុង ចំនួន ៥០កេស ទឹកបរិសុទ្ធ ចំនួន ៥០០កេស និងអាវភ្លៀង ចំនួន ៣០០អាវផងដែរ ដល់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង៕
ព័ត៌មានគួរចាប់អារម្មណ៍
ព័ត៌មានថ្មីបំផុត អ្នកប្រករបរ ដឹកឈើមួយចំនួន ឆ្លងកាត់ស្រុកបាណន់ សូមមានវីជ្ជាជីវៈ ខ្លះផង ! អ្នកស្រុកសំឡូត បញ្ជាក់ថា រហ័សនាម "យាយមាន់" ជាមេក្លោងធំជាងគេ ប្រចាំខេត្តបាត់ដំបង ()
សម្ដេចធិបតី៖ ចក្ខុវិស័យនិងយុទ្ធសាស្ត្រកែទម្រង់ច្បាប់ដោយកំណត់ដាក់ចេញយុទ្ធសាស្ត្រគន្លឹះចំនួន៤ ()
សម្ដេចធិបតី ណែនាំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ត្រូវដឹកនាំធ្វើឌីជីថលូបនីយកម្មប្រព័ន្ធនៃការតាក់តែង ចងក្រង និងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្ត ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ()
ឯកឧត្តម ស សុខា អះអាងថា ជនរួមជាតិ ព្រមទាំងយុវជន ជឿជាក់លើភាពម៉ឺងម៉ាត់និងដំណោះស្រាយដ៏ឈ្លាសវៃរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ()
សម្ដេចធិបតី ហ៊ុន ម៉ាណែត ថ្លែងអំណរគុណរដ្ឋាភិបាលថៃ ដែលបានលើកលែងថ្លៃទិដ្ឋាការសម្រាប់ពលរដ្ឋខ្មែរ ដែលមកលេងស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ()
វីដែអូ
ចំនួនអ្នកទស្សនា