ក្មេងទំនើង២នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅស្នងការរដ្ឋាននគរបាលខេត្តមណ្ឌលគិរី ក្រោយបង្កហិង្សាដោយចេតនាធ្វើឱ្យយុវជន២នាក់ផ្សេងទៀតរងរបួសធ្ងន់
លោក អេង ហាក់គ័ង អធិការនគរបាល ស្រុកកោះញែកបានឱ្យដឹងថាក្រោយពីទទួលបានដំណឹងពីលោកមេភូមិថាមានករណីហិង្សាដោយចេតនាលោកក៏បានចាត់កម្លាំងចុះទៅផ្ទាល់ទៅដល់ទីតាំងកន្លែងកើតហេតុហើយក៏បានឃាត់ខ្លួនយុវជន២នាក់ក្រោយពីពួកគេធ្វើសកម្មភាពប្រើអំពើហិង្សាដោយចេតនាទៅលើយុវជនពីរនាក់ផ្សេងទៀតបណ្ដាលឱ្យរងរបួសធ្ងន់ដោយម្នាក់រងរបួសបាក់ដៃខាងស្ដាំម្នាក់ នឹងម្នាក់ទៀត រងរបួសបែកក្បាលដេរជាច្រើនថ្នេរ។
លោកបន្ថែមថាហេតុការណ៍នេះបានកើតឡើងវេលាម៉ោង ២៣និង១៥នាទីយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ នៅចំណុចរោងការស្ថិតនៅភូមិកោះម្យើលក្រោម ឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគីរី។
ជនរងគ្រោះទី១ មានឈ្មោះ ទាវ រ៉ាវីន ភេទប្រុសអាយុ ១៨ឆ្នាំ ជនជាតិភាគតិចក្រោល សញ្ជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិណងប៊ួ ឃុំណងឃីលិកស្រុកកោះញែកខេត្តមណ្ឌលគីរី រងបួស បាក់ដៃខាងស្ដាំ។ ទី២ ឈ្មោះ សាមួន សែន ហៅញ៉ាញ ភេទប្រុស អាយុ១៨ ឆ្នាំជនជាតិខ្មែរ សញ្ជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិណងប៊ួ ឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគីរី រងរបួសបែកក្បាល។
លោក អេង ហាក់គ័ង បន្តថា ក្រោយពីការឆ្លើយបំភ្លឺ តាមសម្តីជនរងគ្រោះនៅថ្ងៃកើតហេតុ ពួកគេបាននាំគ្នាទៅចូលរួមពិធីមង្គលការ ក្រោយមកបានចេញទៅបត់ជើងតូចនៅខាងក្រៅ ភ្លាមនោះស្រាប់តែជនបង្កបាននាំបក្ខពួកប្រើអំពើហិង្សាវាយសន្ធប់ទៅលើពួកគេបណ្ដាលឱ្យរងរបួសធ្ងន់តែម្ដង។ក្រោយហេតុការណ៍នោះសមត្ថកិច្ចបានរកឃើញឧបករណ៍វាយជនរងគ្រោះមានដូចជាខ្សែក្រវាត់ក្បាលធ្វើម៉ាញ៉ុងម៉ូតូរាងមូលមានទំរង់ស្រួចជាបន្លា ខ្សែប្រវែង ១ម៉ែត្រចំនួន១ ស្នាប់ដៃធ្វើពីឈើចំនួន១ មានទំរង់ស្រួចជាបន្លា។
សមត្ថកិច្ចបានបង្ហាញអត្តសញ្ញាណជនដៃដល់ទាំងពីរនាក់នោះរួមមាន ទី១ ឈ្មោះ គីក ព្រហ្មម៉ានី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិព្នង សញ្ជាតិខ្មែរ រស់នៅភូមិកោះម្យើលលើ ឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគីរី។ ទី២ ឈ្មោះ ផល្លី សីឡា ហៅសិលា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិកោះម្យើលលើ ឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគិរី
អធិការរូបនេះ បានបញ្ជាក់ថា មូលហេតុទៅដល់ឈានដល់ការប្រើហិង្សាដោយចេតនា ដោយជនបង្កខាងលើមានគំនុំជាមួយជនរងគ្រោះ ហើយឈានដល់ការវាយតែម្តង។ បច្ចុប្បន្នកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះញែកបានបញ្ជូនជនសង្ស័យខាងលើទៅស្នងការនគរបាលខេត្តមណ្ឌលគិរីដើម្បីចាត់វិធានការផ្លូវច្បាប់បន្តថា៕