ភ្នំពេញ៖ ថ្លែងពីវេទិកាធិបតីនៃពិធីសម្ពោធស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ស្រុកឯកភ្នំខេត្តបាត់ដំបង នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ នេះ ឯកឧត្តម ស សុខាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងបន្ទាយមានជ័យបានអះអាងថា ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស រួមទាំងយុវជន មានការជឿជាក់លើការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់ និងការដាក់ចេញយុទ្ធសាស្រ្តដោះស្រាយប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជុំវិញបញ្ហាព្រំដែនតំបន់មុំ៣ បង្កឡើងដោយកងទ័ពថៃ។បើតាមឯកឧត្តម ស សុខា ស្របតាមលំអាននៃគំរូវីរភាពដឹកនាំដ៏អង់អាច របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា គឺសម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត បានបន្តយកចិត្តទុកដាក់ខ្ពស់បំផុត លើកិច្ចការពារបូរណភាពទឹកដី ដើរទន្ទឹមគ្នានឹងការបន្តថែរក្សាទំនាក់ទំនងជាមិត្តភាពលើវិស័យជាច្រើនទៀត រវាងកម្ពុជា-ថៃ ដើម្បីធានាប្រក្រតីភាពនៃឧត្តមប្រយោជន៍ប្រជាពលរដ្ឋ និងប្រទេសទាំងសងខាង ពោលគឺ ទន្ទឹមនឹងការពារទឹកដីដូនតាមិនឱ្យបាត់បង់សូម្បីមួយមីលីម៉ែត្រនោះ គឺសម្ដេច ក៏មានឆន្ទះដោះស្រាយបញ្ហាព្រំដែនប្រដោយសន្តិវិធី ដើម្បីធានាបានព្រំដែនមិត្តភាព សហប្រតិបត្តិការ និងអភិវឌ្ឍន៍។ពីវេទិកានោះដែរ ឯកឧត្តម ស សុខា ក្នុងនាមអនុប្រធាន ស.ស.យ.ក. ក្រោមការដឹកនាំរបស់ឯកឧត្តមប្រធាន ហ៊ុន ម៉ានី ក៏បានថ្លែងជាថ្មីទៀត ចូលរួមរំលែកមរណទុក្ខចំពោះការពលីរបស់កងកម្លាំងយោធពលខេមរភូមិន្ទក្នុងព្រឹត្តិការណ៍ប៉ះទង្គិចប្រដាប់អាវុធ បង្កឡើងដោយកងទ័ពថៃមកលើកងទ័ពកម្ពុជា នៅតំបន់មុំបី ខេត្តស្ទឹងត្រែង។ជាមួយគ្នានេះ ឯកឧត្តមក៏បានអំពាវនាវប្រជាពលរដ្ឋទូទាំងប្រទេសបន្តមានស្មារតីវិញជាធ្លុងមួយ ក៏ប៉ុន្តែក៏មិនត្រូវធ្វើសកម្មភាពណាដែលនាំឱ្យប៉ះពាល់ដល់ដំណោះស្រាយប្រកបដោយសន្តិវិធីរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរនោះដែរ។សូមបញ្ជាក់ដែរថា ទីស្នាក់ការ ស. ស.យ.ក. ស្រុកឯកភ្នំ បានចាប់ផ្ដើមសាងសង់នាថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ រួចជាស្ថាពរនាថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។ អគារនេះ មានទំហំ ១៧៤.១៣ម៉ែត្រការ៉េ មានបន្ទប់ចំនួន៤ ក្នុងនោះមានសាលប្រជុំធំចំនួន១ បន្ទប់រដ្ឋបាលចំនួន១ បន្ទប់កុំព្យូទ័រចំនួន១ បន្ទប់ដាក់សម្ភារៈចំនួន១ និងបន្ទប់ទឹកចំនួន៣ ដែលចំណាយទឹកប្រាក់សាងសង់សរុប ៤៥.៤៤០,៧៥ដុល្លារអាម៉េរិក៕
ព័ត៌មានគួរចាប់អារម្មណ៍
អធិការដ្ឋាននគរបាលស្រុកគាស់ក្រឡ បង្ក្រាបករណីក្មេងទំនើងបង្កហិង្សា ឃាត់ខ្លួនចំនួន08នាក់ អនុវត្តតាមច្បាប់ ()
ឯកឧត្តម សុខ ពុទ្ធិវុធ អញ្ជើញស្វាគមន៍ដំណើរទស្សនកិច្ចរបស់អ្នកផលិតមាតិកាមកកាន់ស្ថាប័នផ្សព្វផ្សាយអប់រំកម្ពុជា (EBC) ()
ឯកឧត្តម ជីវ ស៊ុនហេង អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារយុវជនគណបក្សនៅតាមក្រសួង-ស្ថាប័ន ()
ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត បន្តចុះពិនិត្យកន្លែងចិញ្ចឹមត្រី និងសិប្បកម្មកែច្នៃត្រីនៅស្រុកស្ទោង ក្នុងបេសកកម្មជំរុញវិស័យវារីវប្បកម្មក្នុងខេត្តកំពង់ធំ ()
ឧត្តមសេនីយ៍ទោ ឡោ សុខា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារប្រចាំខែសីហា ឆ្នាំ២០២៥ និងលើកទិសដៅបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ()
វីដែអូ
ចំនួនអ្នកទស្សនា